ឯកឧត្តម ហ៊ុន ម៉ានី បានប្តេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី តម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង

បន្ទាប់ពីការអញ្ជើញចូលធ្វើពិធីសច្ចាប្រណិធាន នៅមុខព្រះភក្ត្រ ព្រះមហាក្សត្រ នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានប្តេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី តម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។

ឯកឧត្តម មានប្រសាសន៍តាមទំព័រហ្វេសបុកថា «នារសៀលនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំង សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តទាំង១២៥ អង្គ រូប បានធ្វើសច្ចាប្រណិធាន ស្បថចូលកាន់តួនាទីជាតំណាង​​​រាស្រ្ត​​​ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជ និងសម្តេចព្រះសង្ឃនាយករងទាំង២គណៈ។ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា សូមប្តេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង»។

នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ផងដែរថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ដែលប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នឹងត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ចជូនជាតិ មាតុភូមិ។ សម័យប្រជុំពេញអង្គលើកទី១ ត្រូវបានប្រោសព្រះរាជទានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយប្រកាសសុពលភាព តំណាងរាស្រ្តទាំងអស់នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យ។ នេះជាដំណើរការទូទៅ និងជាប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីគណបក្សបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត។

គួរជម្រាបថា តំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ បានយាង និងអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅ មុខព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាល្ងាចថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីប្រជុំសភាលើកដំបូង៕

អត្ថបទដែលជាប់ទាក់ទង