ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្តែតក្នុងរណ្ដៅដីតាសុននៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតក្នុងរណ្ដៅដីតាសុន នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រភពបានឱ្យដឹងថា រណ្ដៅដីមួយនេះ មានទំហំធំល្វឹងល្វើយ និងមានជម្រៅដ៏ជ្រៅប្រមាណ៧០ម៉ែត្រឯណោះ ដែលត្រូវបានឈ្មួញជីកដីម្នាក់ឈ្មោះ នួន សុន ជីកយកអាចម៍ដីលក់កាលពី២០ឆ្នាំមុន។ហើយក៏ត្រូវបានអ្នកភូមិដាក់ឈ្មោះថា «រណ្ដៅដីតាសុន» រហូតមកដល់សព្វថ្ងៃ ចំណែកឯការស្លាប់របស់បុរសរងគ្រោះពុំទាន់ដឹងថា បណ្ដាលមកពីលង់ទឹក ឬក៏ស្លាប់ដោយសារការបញ្ចប់ជីវិត ឬជាអំពើឃាតកម្មនៅឡើយទេ។
ប្រភពបន្តថា គាត់ដើរហាត់ប្រាណនៅតាមផ្លូវក្បែរកន្លែងកើតហេតុ ហើយក៏ស្រាប់តែបានឃើញសាកសពបុរសម្នាក់នោះស្លាប់អណ្ដែតទឹក ។ បន្ទាប់មកក៏បានស្រែកប្រាប់អ្នកភូមិជាមួយគ្នាឲ្យទៅមើល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក រួចបានរាយការណ៍បន្តទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅទី២ឲ្យចុះទៅពិនិត្យ និងផ្ដល់ដំណឹងដល់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ។
ប្រភពបន្តទៀតថា អ្នកភូមិមួយចំនួនបានជិះទូកដាក់មង និងស្ទូចត្រីរាល់ថ្ងៃដែរ ប៉ុន្តែពុំដែលធ្លាប់បានឃើញបុរសរងគ្រោះនេះម្ដងណាទេ ពុំដឹងថាគាត់មកពីទីណាឡើង ទើបមកស្លាប់អណ្ដែតទឹកបែបនេះទៅវិញ៕