អ្នកជំនាញបញ្ចប់ការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម!
សៀមរាប៖ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលកម្រាលថ្មភក់ នៅតួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម បន្ទាប់ពីការងារជួសជុលបានចប់ជាស្ថាពរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ការងារជួសជុលនេះ ក្រុមអ្នកជំនាញបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦ សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣។
លោក ចាន់ ឡាយ បានបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរវិញហើយ ក្រុមការងារសម្រេចយកជើងទម្រធ្វើពីថ្មភក់ ដែលគេជឿថាមានតួនាទីតម្កល់បដិមាប្រាជ្ញាបារមីយកមកដាក់នៅទីតាំងដើមឡើងវិញ ដែលត្រូវបានរំកិលចេញនាពេលកន្លងមក ដើម្បីរៀបចំវង់ទស្សនា ហើយដើម្បីការពារមានការយកវត្ថុផ្សេងៗមកដាក់ចូលក្នុងប្រហោងរន្ធជើងទម្រ ឬស្លឹកឈើធ្លាក់ចូលនាំឱ្យបាត់បង់តម្លៃ និងរក្សាបានសណ្តាប់ធ្នាប់ល្អ ទើបក្រុមការងាររៀបចំដាក់កញ្ចក់ថ្លាពីខាងលើ ក៏ប៉ុន្តែភ្ញៀវទេសចរ នៅតែអាចមើលឃើញទម្រង់នៃជើងទម្របានជាធម្មតា។
លោកបានបញ្ជាក់ថា ដោយសារផ្នែកកម្រាលដើមនៃតួប្រាង្គកណ្តាលមានសណ្ឋានជ្រៅដែលចោទពិបាកដល់ការដើររបស់ភ្ញៀវទេសចរ ក្រុមការងារបានក្រាលក្តារជាកម្រាលនៅជុំវិញជើងទម្រ និងផ្នែកសងខាង ដើម្បីសម្រួលការដើរឆ្លងកាត់ដោយមានសុវត្ថិភាព។
គួរជម្រាបថា ទីតាំងប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្មមិនរំលង ទីនេះមានដើមត្រាងដែលភ្ញៀវទេសចរចូលមកថតរូបភាពមិនលុះ និងជាផ្លូវវង់ទស្សនាឆ្លងកាត់ដ៏សំខាន់ ដើម្បីទៅទស្សនាដើមឈើធំៗផ្សេងក្នុងប្រាសាទតាព្រហ្មនេះ៕
ដោយ៖ លោក ជា ស្រស់ និងលោក លីវ សុខុន