ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សកម្មភាពលាងសម្អាតប្រាក់ គ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើងតាមសហគមន៍

 

 

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍នូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេង ទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំង អនុវត្តន៍យ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

នេះជាការគូសបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបន្តបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានមុខងារជិត ៦០ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលជាង ៨០០ ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញ-ចូលតែមួយ។

សម្ដេចក្រឡាហោមបន្តថា ពាក់ព័ន្ធធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ទាប់ពីការដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាអំឡុងខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទៅជាស្ថាប័នកាន់តែរឹងមាំ មានសមត្ថភាព មានសិទ្ធិអំណាច មានមុខងារ និងធនធាន និងការទទួល ខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាព និងនវានុវត្តន៍។

សម្ដេចបន្តទៀតថា រយៈពេល ៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦ លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១ ១១៦ លានដុល្លារ ក្នុងឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ក្រៅពីសមិទ្ធផលខាងលើនេះ ក៏មានសមិទ្ធផលនានាជាច្រើនទៀត ដែលក្រសួងមហាផ្ទៃខិតខំអនុវត្តន៍សម្រេចបានក្នុងការងារបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ទាំងនគរបាលជាតិ រដ្ឋបាលស៊ីវិល និងពន្ធនាគារ ការងារភស្ដុភារ និងហិរញ្ញវត្ថុ ការងារធ្វើសវនកម្ម អធិការកិច្ច និងការដោះស្រាយពាក្យបណ្តឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ការងារ កែទម្រង់ពន្ធនាគារ ការងារអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការ អន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ជាមួយក្រសួងស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជាជាដើម៕

អត្ថបទដែលជាប់ទាក់ទង