ប្ដីកំពុងដេកលង់លក់ ស្ត្រីដៃឆៅជាប្រពន្ធ យកកាំបិតចុងស្រួចចាក់បំពង់ករងរបួសយ៉ាងធ្ងន់ធ្ងរ
ក្រចេះ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់នៅវេលាម៉ោង១និង១០យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២ ទីលំនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមប្រភពពីលោកមេភូមិអូរតាណឹងបានទូរស័ព្ទមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីថា មានករណីជនមិនស្គាល់អត្តសញ្ញាណបានលួចចូលទៅក្នុងផ្ទះ របស់ ឈ្មោះ អ៊ាន ក្រាញ ភេទប្រុស អាយុ ៦២ឆ្នាំ និង ប្រពន្ធឈ្មោះ ស្វាយ សារៈ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើបានធ្វើសកម្មភាពចាក់លើឈ្មោះ អ៊ាន ក្រាញ ចំត្រង់បំពង់ក ខណៈកំពុងដេកលង់លក់ជាមួយប្រពន្ធ។
ប្រភពបន្តថា ក្រោយទទួលបានពត៌មានភ្លាមៗកម្លាំងនគរបាលយុត្តិធម៌ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យគឺជាប្រពន្ធរបស់ជនរងគ្រោះ។
ប្រភពបន្តទៀតថា ក្រោយពីបានធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកូនកាំបិតចុងស្រួចចាក់ទៅលើបំពង់កប្តីរបស់ខ្លួនមួយកាំបិតពិតប្រាកដមែន ដោយមូលហេតុទំនាស់ពាក្យសំដី។
គួរជម្រាបជូនថា បច្ចុប្បន្នជនរងគ្រោះត្រូវបានដេកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកសំបូរ រីឯជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំបូរដើម្បីកសាងសំណុំរឿងទៅការិយាល័យជំនាញខេត្តបន្តនិតិវិធី៕