សម្ដីជនសង្ស័យ៖ អ្ហែងមានកាំបិតអត់ អញយកទៅកាប់គេមួយនៅស្ពានលេខ១៣, អ្ហែងយកកាំបិតមកជួបអញ នៅហាយលែន..!

កណ្តាល៖ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំកម្លាំងជំនាញដោយសហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល នគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្ដសៀមរាបបើកប្រតិបត្តិការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២និង៤០នាទីនៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បើតាមលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានបន្តឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េង លីសុធា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅក្នុងដេប៉ូលក់អីវ៉ាន់បោះដុំ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានរងរបួសលើដើមដៃផ្នែកខាងឆ្វេងមួយកន្លែង និងខ្នងផ្នែកខាងឆ្វេងមួយកន្លែងទៀត។

អ្នកនាំពាក្យរូបនេះបានបន្តឲ្យដឹងទៀតថាជនសង្ស័យចំនួន០៧នាក់ ប៉ុន្តែឃាត់ខ្លួន០៥នាក់ សម្ភារៈបាត់បង់មានម៉ូតូមួយគ្រឿង និងវត្ថុតាងចាប់យកមាន ម៉ូតូ០៣គ្រឿង, ទូរស័ព្ទ០២គ្រឿង, កាំបិតផ្គាក់មួយ កាំបិតប៉័ងតោមួយ, ផ្លែកាំបិតពណ៌ខ្មៅមួយ។

ប្រភពបន្តទៀតថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង២០និង៣០នាទី ជនសង្ស័យឈ្មោះ ឆៃ អៀងឡេង ហៅឆ្លាំង ឈ្មោះ ហុក សំណាង ហៅបឺត និងឈ្មោះ ដុំ សុខវិសាល នៅបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ក្រោយមកជនសង្ស័យឈ្មោះ វី សុភា ក៏បានជិះម៉ូតូម៉ាក Honda C90 (គប់ជ្រុង) ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខ កណ្ដាល 1A-6735 មកដល់ ហើយក៏បានជុំគ្នាផឹកស៊ីនៅទីនោះ បន្ទាប់មកជនសង្ស័យឈ្មោះ វី សុភា សួរទៅជនសង្ស័យឈ្មោះ ហុក សំណាង ហៅបឺត ថា៖ អ្ហែងមានកាំបិតអត់ អញយកទៅកាប់គេមួយនៅស្ពានលេខ១៣ ភ្លាមនោះជនសង្ស័យឈ្មោះ ហុក សំណាង បានឆាតតាម Messenger ទៅជនសង្ស័យឈ្មោះអឿន ម៉ុងហាក់ និង ឈ្មោះ សើ ឈុនឡេង ថា៖ អ្ហែងយកកាំបិតមកជួបអញ នៅហាយលែន លុះក្រោយមកជនសង្ស័យឈ្មោះ អឿន ម៉ុងហាក់ និងឈ្មោះ សើ ឈុនឡេង ក៏បានយកកាំបិតទៅឲ្យ ជនសង្ស័យ ឈ្មោះ វី សុភា ហើយក៏ជួបជុំគ្នានៅបុរីហាយលែននោះ ក្រោយពីជួបជុំគ្នា ជនសង្ស័យឈ្មោះ ហុក សំណាង ក៏និយាយថា៖ បើជ្រុលទៅកាប់ហើយ កាប់យកម៉ូតូតែម្ដងទៅ ភ្លាមនោះជនសង្ស័យឈ្មោះ វី សុភា ក៏បានយល់ព្រម បន្ទាប់មកក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូមកស្ពានលេខ១៣ ពេលមកដល់ស្ថានីយប្រេងឥន្ធនៈ PTT ក៏នាំគ្នាចូលទៅចាក់សាំងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT នោះ ពេលចាក់សាំងរួចក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូចុះឡើង រហូតដល់វេលាម៉ោង២២:៤០នាទី ក៏បានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ហើយក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ពេលមកដល់ចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងចុះទៅបត់ជើងតូច ភ្លាមនោះក្រុមជនសង្ស័យទាំង ០៧នាក់ មធ្យោបាយម៉ូតូចំនួន ០៤គ្រឿង ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ចំនួន ០២គ្រឿង,ម៉ូតូម៉ាក Suzuki Nex ០១គ្រឿង និងម៉ូតូម៉ាកគប់ជ្រុង ០១គ្រឿងទៀត បានធ្វើសកម្មភាពកាប់ជនរងគ្រោះ ដោយជនសង្ស័យជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ជាអ្នកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត ត្រូវចំកំភួនដៃ ចំស្មា ខ្នង ពេលនោះជនរងគ្រោះក៏បានរត់ និងស្រែកឲ្យគេជួយ ចំណែកក្រុមជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ នាំគ្នាជិះសំដៅទៅទិសខាងត្បូង ចូលទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានរត់ទៅកន្លែងធ្វើការ នៅក្នុងស្តង់ដេប៉ូលក់អីវ៉ាន់ ប្រាប់មេការឲ្យទូរស័ព្ទប្តឹងសមត្ថកិច្ច។ ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ។រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកមុខកំពូល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ឈ្មោះ ឆៃ អៀងឡេង,ឈ្មោះ ហុក សំណាង ហៅបឺត, ឈ្មោះ ដុំ សុខវិសាល, ឈ្មោះ អឿន មុងហាក់ ហៅរក្ស និងឈ្មោះ សើ ឈុនឡេង រួមនិងវត្ថុតាងដូចបានរៀបរាប់ខាងលើ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ០៥នាក់ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង