ចំពោះអតីតស្មៀនសង្កាត់តាខ្មៅ សុខ សុផា «អត់មានលើកលែងទេ! ត្រូវចោទប្រកាន់ ផ្ដន្ទាទោស! មិនត្រឹមតែសងលុយនោះទេ តែសងលុយហើយ ជាប់គុកទៀត»
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់បទបញ្ជាផ្ទាល់មាត់ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះ លោក សុខ សុផា អតីតស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយគ្មានការលើកលែង។ សម្ដេចបន្តថា នោះគឺត្រូវសងលុយ ហើយជាប់គុកទៀត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់នេះ បន្ទាប់ពីលោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានស៊ីដាច់ប្រាក់ជាង ៧០លានរៀល ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «យើងមិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋរបស់យើង ដែលក្រហើយនោះ កាន់តែក្របន្ថែម ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់ឆ្លងផុត បូកជាមួយនឹងបញ្ហាអតិផរណា បានកើតឡើងនោះទេ»។ ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្ដេចតេជោបានណែនាំដល់មន្រ្តីមូលដ្ឋាន ឲ្យធ្វើការនេះ បានហ្មត់ចត់ ត្រឹមត្រូវ ដើម្បីជៀសវាងនូវការបាត់បង់ណាមួយ ដូចជាករណីកើតឡើង នៅខេត្តកណ្ដាល ដែលសម្តេចតេជោ លើកឡើងថា ត្រឹមតែស្មៀនឃុំម្នាក់ បានកិបកេងលុយរាប់សិបលានរៀល ពីកម្មវិធីនេះ។
ចំពោះករណីនេះ សម្ដេចតេជោ បានលើកឡើងថា «ចេះរកឃើញ! យើងឲ្យតម្រង់ទៅគ្រួសារក្រីក្រ តែបែរជាមិនបានដល់គ្រួសារក្រីក្រ វានៅត្រឹមតែអ្នកពុករលួយ ហើយទម្រាំតែរកឃើញ! ចុះបើរកមិនឃើញ អ្នកដែលត្រូវបាននោះ! វានឹងអត់តែរហូតហើយ»។
សម្ដេចសង្កត់ធ្ងន់ថា «អត់មានលើកលែងទេ! ត្រូវចោទប្រកាន់ ផ្ដន្ទាទោស! មិនត្រឹមតែសងលុយនោះទេ តែសងលុយហើយ ជាប់គុកទៀត»។
សម្ដេចបានផ្ដាំថា រាជរដ្ឋាភិបាល បានប្រឹងណាស់! កុំបំផ្លាញអ្វីដែលជាការខិតខំរួមរបស់ជាតិ និងប្រជាជន ហើយយកទៅធ្វើមានធ្វើបាន បំផ្លាញនូវសេចក្ដីសុខរបស់ប្រជាជន ដែលត្រូវទទួលបានផល រាប់សិបគ្រួសារនោះ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្ដាល លោកស្រី ហុង ម៉ារីនិច បានសម្រេចឃុំខ្លួនស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ករណីស៊ីដាច់លុយរបស់ប្រជាជនក្រីក្រជាង ៧០លានរៀល ដាក់ពន្ធនាគារខត្តកណ្តាល បណ្តោះអាសន្នហើយ។
គួររំលឹកបន្ថែមថា លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ ស្មៀនសង្កាត់តាខ្មៅ លោក សុខ សុផា ពីបទ ” ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ” តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ត នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្មៀនសាលាសង្កាត់តាខ្មៅ លោក សុខ សុផា កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងរដ្ឋបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងនគរបាលក្រុងតាខ្មៅ ចុះចាប់ខ្លួន ករណីស៊ីដាច់លុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩។ ក្រោយឃាត់ខ្លួន ស្មៀនសង្កាត់នោះ ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU។
ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានដឹកនាំកម្លាំង ដោយសហការជាមួយរដ្ឋបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅ ស្រាវជ្រាវជាបន្ទាន់នូវភាពមិនប្រក្រតីនៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ- ១៩ ដែលប្រព្រឹត្ត នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណាត់ការនេះ ត្រូវបានធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងជនរងគ្រោះម្នាក់ ដែលកាន់បណ្ណសមធម៌។ ប៉ុន្តែជនរងគ្រោះនោះ មិនបានបើកប្រាក់ ១៦ខែរួចហើយ ដែលក្នុងមួយខែចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មក ក្រុមការងារបានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន ១៩ប័ណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ប័ណ្ណសមធម៌ទាំង ២០ប័ណ្ណនោះ ត្រូវបានឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកូវបាន២០បណ្ណឆាំងអំពើរមើលស្មៀនសង្កាត់នោះ ពេលឡានប៉ូលិស ដឹកចូលពន្ធនាគារឡើយ។បើកលុយយក សរុបទាំង ២០ ប័ណ្ណ មានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០ រៀល។
លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ទៀងផ្ទាត់ រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធី មករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ទាំងនោះ ជូនម្ចាស់ដើមឡើយ៕