សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅ សន ដារ៉ា ថាគ្រប់គ្រាន់ហើយក្រោយពីបានប្រើប្រាស់ភាសារប្រមាថអ្នកមានគុណ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិភាគតាមបណ្ដាញសង្គម សន ដារ៉ា ថាគ្រប់គ្រាន់ហើយ បន្ទាប់ពីលោក សន ដារ៉ា បានប្រើប្រាស់ភាសារប្រមាថដល់ឪពុកម្ដាយរបស់ខ្លួន។ សម្ដេចថា លោក សន ដារ៉ា អាចវាយប្រហារនាយករដ្ឋមន្ត្រីបាន វាយប្រហារអ្នកដទៃបាន តែមិនគួរណាប្រើប្រាស់ភាសារប្រមាថដល់ឪពុកម្ដាយរបស់ខ្លួននោះទេ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានហៅលោក សន ដារ៉ា ថាជាក្មួយប្រុសផង ក្នុងន័យណែនាំឱ្យលោក សន ដារ៉ា គោរពឪពុកម្ដាយរបស់ខ្លួន មិនគួរប្រើប្រាស់ភាសា «ឪពុកម្ដាយរៀនមិនចេះដល់ខ្លួន» នោះទេ។

សម្ដេចតេជោបន្ថែមថា៖ «បើគ្រាន់ម៉ែឪខ្លួនមិនស្រលាញ់ផងតើក្មួយឯងស្រលាញ់ប្រជាពលរដ្ឋដែរឬអី»?

គួរឱ្យដឹងផងដែរថា លោក សន ដារ៉ា គឺជាសកម្មជនប្រឆាំងរដ្ឋាភិបាលរត់គេចខ្លួននៅក្រៅប្រទេស ដែលតែងតែធ្វើវីដេអូអត្ថាធិប្បាយវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន។ លោកមានឪពុកកាន់ការងារជាមន្ត្រីយោធានៅកម្ពុជាមួយរូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង