ចំណេះដឹងផ្នែកច្បាប់៖ «តើអ្វីទៅជាការលែងលះ?»
ភ្នំពេញ៖ ពាក្យថា “ប្តីប្រពន្ធ ឬសហព័ទ្ធ” គឺជាការដែលបុរសម្នាក់និងនារីម្នាក់បានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់។ ជាគោលការណ៍ សម្គាល់ប្ដីប្រពន្ធស្របច្បាប់គឺទាល់តែបានចុះបញ្ជីអាពាហ៍ពិពាហ៍ (សំបុត្រអាពាហ៍ពិពាហ៍) នៅឃុំ/សង្កាត់នៃលំនៅឋាន ខាងនារីជាប្រពន្ធ បន្ទាប់ពីបានបំពេញកិច្ចត្រឹមត្រូវតាមនីតិវិធី (មាត្រា ៩៥៥-១ នៃក្រមរដ្ឋប្បវេណី និងអនុក្រឹត្យលេខ១០៣ អនក្រ.បក ស្ដីពី អត្រានុកូលដ្ឋាន)។ ពាក្យថាសំបុត្រអាពាហ៍ពិពាហ៍ ចាស់ៗច្រើនតែនិយមហៅថា អេតាស៊ីវិល តែ ពាក្យនេះ មិនសំដៅតែទៅលើសំបុត្រអាពាហ៍ពិពាហ៍នោះទេ គឺជាភាសាបារាំងសំដៅទៅលើលិខិតអត្រានុកូលដ្ឋាន ដែលមានដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាពជាដើម។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវហៅ «សំបុត្រអាពាហ៍ពិពាហ៍» មិនមែនហៅ «អេតាស៊ីវិល»នោះទេ។
អ្វីទៅជាការលែងលះ? ការលែងលះ គឺជាការរំលាយចំណងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធ ដែលបានរៀបអាពាហ៍ពិពាហ៍ ស្របច្បាប់។ អានុភាពនៃការលែងលះគឺនាំឱ្យផ្តាច់ទំនាក់ទំនងទាំងស្រុងតាមផ្លូវច្បាប់ នៃភាពជាប្ដីប្រពន្ធ លែងមានទ្រព្យ រួមប្តីប្រពន្ធ និងការបែងចែកកំណត់អ្នកដែលមានសិទ្ធិអំណាចមេបាចំពោះកូនក្នុងបន្ទុក (កូនជាអនីតិជន អាយុក្រោម១៨ ឆ្នាំ)។
ការលែងលះ មានពីរវិធី គឺការលែងលះដោយការព្រមព្រៀង ហើយមានដីកាសម្រេចលែងលះចេញពីតុលាការ និងការលែងលះតាមរយៈការធ្វើបណ្ដឹងទាមទារការលែងលះ ដោយមានសាលក្រម ឬសាលដីការបស់តុលាការ។
១-លែងលះដោយការព្រមព្រៀង ប្ដីប្រពន្ធស្ម័គ្រចិត្តទាំងសងខាងក្នុងការព្រមលែងលះ ពោលមិនមានភាគីណាមួយជំទាស់ ឬមានវិវាទមិនព្រមលែងនោះទេ ហើយយោងលើកិច្ចព្រមព្រៀងលែងលះនេះ ដាក់ពាក្យសុំទៅតុលាការដើម្បីបាន ដីកាសម្រេចលែងលះតាមច្បាប់។ ការព្រមព្រៀងលែងលះត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងមានការផ្តិតមេដៃ ឬចុះហត្ថលេខារបស់ប្ដីប្រពន្ធ (អាចមានមេធាវី ឬសាការី ឬមេឃុំ ជាសាក្សី តែនេះមិនមែនជាលក្ខខណ្ឌតម្រូវនោះទេ បានន័យថា មានក៏បានមិនមានក៏បាន)។ ខ្លឹមសារគោលនៃកិច្ចព្រមព្រៀង គឺការរំលាយចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ និងក្នុងកិច្ចព្រមព្រៀងគួរតែកំណត់បន្ថែមឱ្យបានច្បាស់លាស់អំពីការបែងចែកទ្រព្យរួម (បែងចែកទាំងបំណុលផង) និងការកំណត់អ្នកមានសិទ្ធិអំណាចមេបាដែលជាសិទ្ធិក្នុងការគ្រប់គ្រង និងបីបាច់ថែរក្សាកូន (យោងតាមមាត្រា៩៧៩, មាត្រា៩៨០ និង១០៣៧ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា)។
បន្ទាប់មកភាគីប្តី ឬប្រពន្ធ ឬទាំងពីរនាក់ ត្រូវដាក់ពាក្យជាលាយលក្ខណ៍អក្សរទៅតុលាការដើម្បីសុំដីកាសម្រេចលែងលះ។ តុលាការដែលមានសមត្ថកិច្ច ជាគោលការណ៍គឺតុលាការនៃអាសយដ្ឋានរស់នៅរបស់ប្តីប្រពន្ធ ហើយពន្ធដាក់ពាក្យសុំ និង ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ អាចអស់ប្រហែលក្រោម ៣០ម៉ឺនរៀល។ ចំពោះពេលវេលា អាចចន្លោះពី០១ខែទៅ០៣ខែ ឬលើសនេះ ដោយរយៈពេលនេះ និយាយតាមបទពិសោធន៍។ តុលាការកោះហៅគូភាគី ដើម្បីបញ្ជាក់ការពិតរបស់ប្តី ប្រពន្ធថាពិតជាមានឆន្ទៈលែងលះពិតប្រាកដដែរ ឬទេ។ ក្រោយមក តុលាការនឹងចេញដីកាសម្រេចលែងលះតាមការព្រម ព្រៀង ហើយដីកាសម្រេចនេះ តុលាការត្រូវប្រគល់ជូនគូភាគីម្នាក់មួយច្បាប់។ ភាគីត្រូវដាក់ពាក្យសុំបញ្ជាក់ស្ថាពរនៃដីកាសម្រេច បន្ទាប់ពីផុតរយៈពេលកំណត់។
២-ការលែងលះតាមបណ្ដឹងទាមទារ៖ ម្នាក់ទាមទារលែងលះ ម្នាក់ទៀតមិនព្រមលែង ឬមានជម្លោះនៃការបែងចែកទ្រព្យនិងការគ្រប់គ្រងកូន ជាហេតុធ្វើឱ្យមិនមានការលែងលះតាមការព្រមព្រៀង។ ករណីនេះ ភាគីដែលមានបំណងលែងលះ ត្រូវដាក់ពាក្យបណ្តឹងទាមទារសុំលែងលះទៅតុលាការដែលមានសមត្ថកិច្ច។ ចំពោះពន្ធដាក់ពាក្យសុំ និងប្រាក់ប្រដាប់ក្តី តុលាការក្រៅពីពន្ធ អស់ប្រហែលក្រោម៤០ម៉ឺនរៀល។ បំណងនៃការទាមទារលែងលះអាចធ្វើទៅបានលុះត្រាតែមានមូលហេតុត្រឹមត្រូវ ដូចមានចែងនៅក្នុងមាត្រា៩៧៨ នៃក្រមរដ្ឋប្បវេណី។ មូលហេតុនៃការលែងលះ មាន (១)-បើបានប្រព្រឹត្តអំពើផិតទៅលើសហព័ទ្ធ (២)-បើបានបោះបង់សហព័ទ្ធចោល ដោយគ្មានមូលហេតុត្រឹមត្រូវ (៣)-បើមិនដឹងច្បាស់ថាសហព័ទ្ធស្លាប់ ឬរស់អស់រយៈពេលជាង១(មួយ)ឆ្នាំ (៤)-បើសហព័ទ្ធបានរស់នៅបែកគ្នាជាបន្តបន្ទាប់អស់រយៈពេលជាង ១(មួយ)ឆ្នាំ ផ្ទុយនឹងគោលបំណងនៃអាពាហ៍ពិពាហ៍ (៥)-ករណីផ្សេងទៀតដែលទំនាក់ទំនងអាពាហ៍ពិពាហ៍ ត្រូវបានបែកបាក់ ហើយគ្មានសង្ឃឹមថានឹងអាចបដិទានឡើងវិញបាន។
នីតិវិធីនៃបណ្ដឹងទាមទារលែងលះ ត្រូវអនុលោមតាមច្បាប់ស្ដីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល និងក្រមនីតិវិធីរដ្ឋប្បវេណី។ ក្រោយពីដាក់បណ្ដឹងទៅតុលាការ ចៅក្រមនឹងធ្វើការកោះហៅគូភាគីឱ្យចូលទៅបំភ្លឺ និងអះអាងអំពីបណ្ដឹងទាមទារ និងការតបលើបណ្តឹងទាមទារ(មាត្រា១០៣ និងមាត្រា១០៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី)។ ជាកិច្ចចាប់ផ្តើមដំបូង ចៅក្រម នឹងសាកល្បងធ្វើការផ្សះផ្សារគូភាគីឱ្យត្រូវគ្នាវិញ (មាត្រា ៩៨៤១ នៃក្រមរដ្ឋប្បវេណី) ដោយពន្យល់ ឬលើកមូលហេតុផ្សេងៗឱ្យប្ដីប្រពន្ធទន់ចិត្តហើយជានានឹងគ្នាវិញ។ ក្នុងករណីមិនអាចផ្សះផ្សារឱ្យសះជាបានទេ ចៅក្រមនឹងឱ្យដើមចោទ (អ្នក ដាក់ពាក្យបណ្តឹង) ធ្វើការអះអាងបញ្ជាក់អំពីមូលហេតុនៃការលែងលះ និងអះអាងអំពីមូលដ្ឋាន/មូលហេតុនៃចំណុចទាមទារនីមួយៗ ហើយចុងចម្លើយ (ភាគីម្ខាងទៀត ដែលជាអ្នកមិនព្រមលែងលះ) ឆ្លើយតបទៅនឹងការអះអាងអំពីមូល ហេតុនៃការលែងលះ និងការតបលើសក្ខីកម្មផ្សេងទៀតដែលលើកឡើងដោយដើមចោទ។ បន្ទាប់មកតុលាការនឹងកោះហៅ គូភាគីមកជាថ្មីដើម្បីចូលរួមទាញហេតុផលផ្ទាល់មាត់(សវនាកាជំនុំជម្រះក្តី) ដែលធ្វើឡើងដោយអសាធារណៈ។ ក្រោយពី សវនាការួច តុលាការនឹងចេញសាលក្រម ហើយបើភាគីណាមិនសុខចិត្តទៅនឹងសេចក្ដីសម្រេចរបស់តុលាការសាលាដំបូង (រាជធានី/ខេត្ត) ភាគីដែលមិនសុខចិត្តអាចប្ដឹងឧទ្ធរណ៍ក្នុងពេលកំណត់ បើមិនប្តឹងឧទ្ធរណ៍ សាលក្រមនឹងចូលស្ថាពរតាម ពេលកំណត់ ហើយត្រូវដាក់ពាក្យសុំបញ្ជាក់ការចូលជាស្ថាពរទៅតុលាការ។
ចំណាំ៖ ទោះការលែងលះដោយការព្រមព្រៀង ឬដោយបណ្ដឹងទាមទារក្តី គូភាគីអាចពឹងពាក់មេធាវីដើម្បីផ្តល់យោបល់ និងការពារសិទ្ធិឱ្យខ្លួនក៏បាន មិនចាំបាច់ពឹងពាក់មេធាវីក៏បាន ច្បាប់មិនតម្រូវឱ្យទាល់តែមានមេធាវីនោះទេ៕
រៀបរៀងដោយ៖ កញ្ញា ង៉ែត ស្រីណុច និងកញ្ញា អៀង កែវមរកត បុគ្គលិកផ្នែកច្បាប់ នៅក្រុមហ៊ុនមេធាវី ដ័ន&ដ័ន ភ្នំពេញ