សម្ដេច ហ៊ុន សែន ប្រាប់ ស៊ន ដារ៉ា ថា «ឈប់បានឈប់ទៅ…អ្នកដែលបង្រ្កាប ហ៊ុន សែន បាន មិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរលោក ស៊ន ដារ៉ា ថាចេះខ្មាស់ខ្លួនឯងទេដែលបានតាំងខ្លួនទៅជាមនុស្សមានបុណ្យ ឬក៏ជាឥន្ទ្រីនោះ?

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចនៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដោយបានលើកឡើងពីអំនួតរបស់លោក ស៊ន ដារ៉ា ដែលបានថាខ្លួនឯងជាឥន្រ្ទីយ និងជាអ្នកមានបុណ្យដែលព្រះបង្កើតមកដើម្បីបង្ក្រាបសម្ដេច។

សម្ដេចតេជោបានសរសេរថា៖ «ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បីបង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូអ្នកដែលបង្រ្កាប ហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ»។

ការសរសេររបស់សម្ដេចនៅល្ងាចនេះគឺដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ ស៊ន ដារ៉ា ចំនួន ៤ចំណុចដែលបានដាក់ជូនចំពោះសម្ដេចតេជោ ដោយថាបើ ស៊ន ដារ៉ា ចូលគណបក្សប្រជាជនគឺ សន ដារ៉ា ត្រូវតែធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី។

សម្ដេចតេជោលើកឡើងដោយឆ្លើយតបថានេះជារឿងហួសចិត្ត និងថាកុំថាឡើយ ស៊ន ដារ៉ា ចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនក៍មិនបាន។

សម្ដេចតេជោបានលើកឡើងជាចុងក្រោយថា ៖ «ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រា ហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ»៕

អត្ថបទដែលជាប់ទាក់ទង