ជនសង្ស័យ៦នាក់ត្រូវបានលោកស្នងការខេត្តកំពតបញ្ជាឲ្យឃាត់ខ្លួនករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន
កំពត៖ ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការខេត្តកំពត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ក្រាបបទល្មេីសជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន០២ករណីផ្សេងគ្នា។
ករណីទី១ នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ និងករណីទី២ នៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។
កម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន% ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៣ កញ្ចប់ ទម្ងន់ ៥.២៩ ក្រាម,ទូរស័ព្ទដៃ ០៦គ្រឿង, ម៉ូតូ០៤គ្រឿង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕