មេឈ្មួញឈើដ៏ល្បីនិងមានឥទ្ធិពលឈ្មោះ តោ ព្យាយាមដុតឈើប្រណិតនិងរថយន្តសាំយ៉ុងចោល ព្រោះចង់បំផ្លាញ់ភស្តុតាង
ក្រចេះ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋកម្មករចំការកៅស៊ូកំពុងសម្រាន្តលង់លក់ក្នុងដំណេកក្រោយពីបញ្ចេញញើសធ្វើពលកម្មជាកៅស៊ូ ស្រាប់តែមានបុគ្គលម្នាក់ឈ្មោះ តោ អតីតមេចុងភៅដ៏ល្បីប្រែខ្លួនមករកស៊ីដឹកជញ្ជូនឈើប្រណិតចេញពីព្រៃឡង់ ព្រៃសហគមន៍ ប្រាសាទតាខ្មៅ ក្នុងទឹកដីឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង ដឹកឆ្លងកាត់ ចំណុចស្ពានក្តារ ចំណុចស្រែភ្នី ចំណុចអង្ក្រង់សាប គោលដៅឆ្ពោះទៅខេត្តកំពង់ចាម បានវដុតកម្ទេចឈើនិងរថយន្តរបស់ខ្លួនឆេះម៉ត់ នៅសល់តែគ្រោងឆ្អឹងសាកសព ឈើ នឹងសាកសពរថយន្តសាំយ៉ុង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពបន្តថា ករណីនេះ បានកើតឡើងនៅ ភូមិជិតវត្តផ្លង់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា បើតាមមជ្ឈដ្ឋានទូទៅ និងមតិមហាជនតាមតុកាហ្វេ និងតុគុយទាវ និងអ្នកវិភាគ បញ្ហាផ្លូវច្បាប់ថា ទោះបីជាមេឈ្មួញឈើដ៏មានឥទ្ធិពលឈ្មោះ តោ រូបនេះ ព្យាយាមដុតកម្ទេចចោលឈើប្រណិតឬរថយន្តចោល ក៏ម្ចាស់ឈើប្រណិតនិងម្ចាស់រថយន្តរូបនេះ មិនត្រូវរួចខ្លួនដែរ ព្រោះនេះព្យាយាមដុតកម្ទេចចោលភស្តុតាងនិងព្យាយាមបំផ្លាញ់វត្ថុតាង និងបានបង្កឲ្យមានភាពចលាចល អសន្តិសុខ អាណាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈសង្គមទៀតផង។
ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមទៀតថា មេឈ្មួញឈើឈ្មោះ តោ ម្នាក់នេះ ជាអ្នកជំនួញរកស៊ីឈើបាននៅតំបន់ខាងលើ គឺ ពឹងផ្អែកនិងបានស្គាល់បុគ្គលម្នាក់ដែលតាំងខ្លួនសមត្ថកិច្ចកាងឲ្យ ប៉ុន្តែមិនហ៊ានបញ្ចេញឈ្មោះនោះទេ។
មហាជនបានគោរពស្នើសុំដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាដាក់កម្លាំងជំនាញចុះស៊ើបអង្កេត ស្រាវជ្រាវដើម្បីឈានដល់ការបង្ក្រាបឲ្យខាងតែបានចំពោះមេឈ្មួញរកសុីឈើខុសច្បាប់ និងអ្នកកាងនៅពីក្រោយឈ្មួញទុច្ចរិតទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ផង៕ ដោយ៖ ការីនិពន្ធ