បណ្ឌិត ហ៊ុន ម៉ាណែត៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃការលាងលុយផ្ដល់នូវប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក បានថ្លែងអបអរចំពោះការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់ដោយថាវានឹងផ្ដល់នូវប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនឹងសហគ្រិនវ័យក្មេងក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ស ខេង និងមន្ត្រីពាក់ព័ន្ធទាំងអស់ចំពោះកិច្ចខិតខំនាំកម្ពុជាចេញពីបញ្ជីមិនល្អនេះ។

ឯកឧត្តមបន្ថែមថាការណ៍នេះ ពិតជានឹងចូលរួមចំណែកក្នុងការផ្តល់នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់កម្ពុជា ជាពិសេសសម្រាប់វិស័យឯកជនផ្ទាល់ក្នុងការរក្សាលំនឹងនៃរំហូរហិរញ្ញវត្ថុ និងការដោះដូរពាណិជ្ជកម្មនានាទៅកាន់ទូទាំងសាកលលោក។

ជាមួយគ្នានឹងការអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបណ្ឌិតសេដ្ឋកិច្ចមួយរូបផងនោះបានថ្លែងថា ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន គឺមានកត្តាអាទិភាពចំនួន ៣ចំណុច គឺក្របខ័ណ្ឌគោលនយោបាយ ការអនុវត្ត និងការអនុវត្តជាក់ស្ដែង។

ឯកឧត្តមបណ្ឌិតបានថ្លែងដោយជំរុញដល់សហគ្រិនទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសំខាន់ៗដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបន្តបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ក៏សូមលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់ឱ្យបង្កើនសមត្ថភាព ពង្រឹងភាពប្រកួតប្រជែង និងសូមខិតខំទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីគោលនយោបាយ ក៏ដូចជាវិធានការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ជាពិសេសតាមរយៈការវិនិយោគនៅក្នុងវិស័យអាទិភាព ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ ការទទួលបានការបណ្តុះបណ្តាលសហគ្រិនភាព ការអភិវឌ្ឍជំនាញ និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ «ក្រៅពីការបង្កើតទ្រព្យ និងរកប្រាក់ចំណេញ សហគ្រិនទាំងអស់ក៏ត្រូវបណ្តុះគំនិតចូលរួមចំណែកក្នុងកិច្ចការសង្គម ព្រមជាមួយនឹងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដែលអាចនាំមកនូវផលិតភាពខ្ពស់ និងតម្លៃបន្ថែមកាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ»។

ជាចុងក្រោយឯកឧត្តមបណ្ឌិតបានស្នើដល់សភាពាណិជ្ជកម្មកម្ពុជា បន្តផ្តល់ការគាំទ្រ និងកិច្ចសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសហគ្រាសថ្មីៗ ដើម្បីពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនងការងារ ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែមានភាពរឹងមាំ ទូលំទូលាយ រស់រវើក និងប្រកបដោយបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង