បុរសប្រមឹកម្នាក់បើកឡានបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាល​ឲ្យ​អ្នកជិះម៉ូតូស្លាប់​ភ្លាមៗនៅស្រុកកណ្ដាលស្ទឹង

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១៦៖២០នាទីថ្ងៃអង្គារ​ទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ គីឡូម៉ែត្រ៣៤-៣៥ ភូមិគ្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលេីរថយន្តម៉ាក លិចសុីស RX300 ពាក់ស្លាកលេខ ភ្នំពេញ​2V-4579 បើកបរដោយឈ្មោះ កែវ​ សុផល​ ភេទប្រុស អាយុ ៦៦​ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន​ផ្ទះ​៤៣ អឺផ្លូវ​១៣៨ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ រាជធានីភ្នំពេញ​ បេីក​បរ​ក្នុង​ទិសដៅ​ពីត្បូង​ទៅ​ជើង​ (តាកែវ-ភ្នំពេញ​) លុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូម៉ាកវ៉េវ​សេ១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខពីក្រោយពេញទំហឹង បើកបរដោយឈ្មោះ អ៉ិត ចាន់ថុល ភេទប្រុស អាយុ ៥៥ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិដងទង់ ឃុំដំបូកខ្ពស់​ ស្រុកអង្គរជ័យ ខេត្តកំពត បើកបរក្នុងទិសដៅស្របទិសគ្នាពីត្បូងមកជើង (តាកែវ-ភ្នំពេញ) បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។​

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំពោះអ្នកបើកបររថយន្តត្រូវបានសមត្តកិច្ចចាប់ឃាត់ខ្លួន។ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកណ្ដាលស្ទឹងជាបណ្ដោះអាសន្នរង់ចាំដោះស្រាយជាក្រោយ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងថា ករណីនេះបង្ករឡើងដោយ អ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន ខ្ជីខ្ជា​ ខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់អ្នកដ៏ទៃនិងបើកបរក្នុងស្ថានភាពស្រវឹង​ក្នុងកំរិតជាតិអាលកុល ០.៨៦២mg/L៕

អត្ថបទដែលជាប់ទាក់ទង