កងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញរបាយការណ៍ពីការស៊ើបអង្កេតករណីមន្ត្រី៣នាក់នៅខេត្តតាកែវពាក់ព័ន្ធអំពើពុករលួយ

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មានក្រោយពីមន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។

កងរាជរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោក «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ហើយយោធិននៃកងរាជអាវុធហត្ថ ត្រូវតែបានអប់រំ និងត្រូវតែអនុវត្តទិសស្លោកនេះឱ្យខ្ជាប់ខ្ជួន ដើម្បីជាគំរូក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ប្រសិនបើបុគ្គលណាមិនគោរពត្រូវតែទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។

ជាក់ស្តែងកងរាជអាវុធហត្ថ បានស៊ើបអង្កេតស្រាវជ្រាវរកឃើញបុគ្គលពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម និងបទល្មើសគ្រឿងញៀន ចំនួន៤នាក់ ហើយតាមការស្តាប់ចម្លើយជនសង្ស័យទាំងនោះ ក៏ឈានដល់ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន២រូបដែលពាក់ព័ន្ធនឹងអំពើសុីសំណូក និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។

នេះហើយដែលកងរាជអាវុធហត្ថអនុវត្តតាមទិសស្លោក បើមិនគោរពច្បាប់ ប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់ មិនមានការយល់យោគទេ។

យោងសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្ត នៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ, ព្រមទាំងឈានដល់ការ ឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប៖ ២រូបបញ្ជូនទៅអង្គភាព ប្រឆាំងអំពើពុក រលួយ និង១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ អគ្គមេ បញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប ដូចខាងក្រោម៖

១- ដំណើររឿង៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស៊ើបអង្កេតករណីឃាតកម្ម នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក៏ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៤នាក់ ពាក់ព័ន្ធ នឹងការធ្វើទារុណកម្ម អំពើឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធនឹងអំពើចែកចាយ ជួញដូរ គ្រឿង ញៀនដោយខុសច្បាប់។ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកណ្តាលបានចាប់យកវត្ថុតាងគ្រឿងញៀនចំនួនប្រមាណ៧គីឡូក្រាម, អាវុធវែងកែច្នៃចំនួន១ដើម, អាវុធខ្លី ចំនួន១ដើម, កាំភ្លើងបាញ់សត្វចំនួន១ដើម, សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន និងជន សង្ស័យទាំង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។

២- ដោយផ្អែកលើការស្រាវជ្រាវ និងស្តាប់ចម្លើយជន សង្ស័យ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បានសុំគោលការណ៍ដឹកនាំ នាយឧត្តមសេនីយ៍ មេ បញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអនុវត្តនីតិវិធី ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប។ តាមចម្លើយ សារភាពរបស់ជនសង្ស័យ និងផ្អែកតាមឯកសារភស្តុតាង មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជ អាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ី សំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការណ៍សម្ងាត់ក្នុងការស៊ើបអង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម៕

អត្ថបទដែលជាប់ទាក់ទង