បង្ហោះលើហ្វេសប៊ុកហើយលុបវិញ, អនិច្ចាស្ពានព្រែកថី កំពុងរងការបំផ្លិចបំផ្លាញពីក្រុមដឹកជញ្ជូនថ្ម ខ្សាច់ គ្រួស ដី បន្លែ និងត្រី បំពានសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល

កណ្តាល៖ អនិច្ចាស្ពានព្រែកថី ស្ថិតនៅជាប់មាត់សាលាសង្កាត់រការខ្ពស់ និងប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទ្រទម្ងន់បានត្រឹមតែ២០តោនចុះ និងមានសភាពទ្រុឌទ្រោមខ្លាំង កំពុងប្រឈមនឹងការបំផ្លិចបំផ្លាញពីក្រុមដឹកជញ្ជូនថ្ម ខ្សាច់ គ្រួស ដី បន្លែ និងត្រីមួយថ្ងៃៗឥតស្រាកស្រាន្ត ខណៈដែលមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលធ្លាប់បានចេញសេចក្តីជូនដំណឹងប្រាប់ដល់ក្រុមរថយន្តធុនធ្ងន់ដែលមានទម្ងន់លើស ពី២០តោនឡើង តម្រូវឲ្យវាងធ្វើដំណើរតាមផ្លូវខេត្តលេខ១១០ ដោយឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងស្ពានមិត្តភាព កម្ពុជា-ចិនកោះធំវិញ ប៉ុន្តែបច្ចុប្បន្នក្រុមរថយន្តធន់ធ្ងន់ដឹកលើសពី២០ទៅ៤០តោនរាប់សិបគ្រឿងដែលបានកំពុងដឹកជញ្ជូនថ្ម ខ្សាច់ គ្រួស ដី បន្លែ និងត្រីមួយថ្ងៃៗបំពានសេចក្ដីជូនដំណឹងរបស់លោក ម៉ឹង យូរឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល លេខ០០៩៤ សក.កណ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដែលបានធ្លាប់បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលរួចហើយ បែរជាលុបចោលវិញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលពិតជាធ្លាប់ចេញសេចក្ដីជូនដំណឹងប្រាប់ដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនថា ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះតទៅ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល អនុញ្ញាត្តឱ្យរថយន្តដឹកទំនិញ ធុនធ្ងន់ (ទម្ងន់២០តោនចុះក្រោម) ដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកោះធំ ឬពីស្រុកកោះធំមកក្រុង តាខ្មៅ អនុញ្ញាត្តឱ្យធ្វើចរាចរណ៍បានធម្មតា ដោយកំណត់ល្បឿនត្រឹម ៣០គីឡូម៉ែត្រ ក្នុង១ម៉ោង ត្រង់ទីតាំង ស្ពានព្រែកថី (ស្ពានលេខ៤) ចន្លោះគ.ម ១១+៨៦៥។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ឲ្យដឹងទៀតថា «ចំពោះរថយន្តធុនធ្ងន់ ដែលមានទម្ងន់លើសពី២០តោនឡើង តម្រូវឲ្យវាងធ្វើដំណើរតាមផ្លូវខេត្តលេខ១១០ ដោយឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងស្ពានមិត្តភាព កម្ពុជា-ចិនកោះធំវិញ ។ ចំពោះរថយន្តដឹកទំនិញពីស្រុកកោះធំទៅខេត្តតាកែវ សូមវាងធ្វើដំណើរតាមផ្លូវខេត្ត លេខ១២៩»

បើតាមប្រភពព័ត៌មានផ្សេងទៀតបានដាក់ជាចម្ងល់ថា «ហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសខាងមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលមិនព្រមមានចំណាត់ការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង ក៏ដូចជាចុះចាប់ឃាត់ក្រុមរថយន្តដឹកថ្ម ខ្សាច់ គ្រួស ដី បន្លែ និងត្រីទាំងនោះទៅ ជាពិសេសប្រភេទរថយន្តយីឌុប និងវ៉េអងដែលបានកំពុងដឹកថ្ម និងគ្រួសឆ្លងកាត់ស្ពានព្រែកថីដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំងនោះផង? ហេតុអ្វីបណ្ដែតបណ្ដោយឲ្យពួកគាត់ដឹកធ្ងន់ៗបំផ្លាញស្ពានខាងលើនេះ ឬមួយមានអ្វីនៅពីក្រោយដែលនាំឲ្យមន្ត្រីជំនាញ មិនហ៊ានអនុវត្តន៍ច្បាប់ ហើយចាំបាច់លុបសេចក្តីជូនដំណឹងធ្វើអ្វី បើជ្រុលជាហ៊ានចេញហើយ ចុះលេខហើយ ចុះហត្ថលេខាហើយ ចុះថ្ងៃហើយ?»

ទាក់ទិនករណីការដឹកជញ្ជូនថ្ម ខ្សាច់ គ្រួស ដី បន្លែ និងត្រីលើសទម្ងន់ដែលមន្ទីរសាធារណការខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងខាងលើ នៅថ្ងៃនេះ ក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងស្ពានព្រែកថីខាងលើ ពិតជាបានឃើញរដ្ឋអំណាចដាក់ផ្លាកសញ្ញាហាមដឹកជញ្ជូនលើសទម្ងន់២០តោន និងផ្លាកសញ្ញា ប្រយ័ត្ន ស្ពានទ្រុឌទ្រោម ពិតប្រាកដមែន ប៉ុន្តែភ្នាក់ងារសារព័ត៌មានយើងនៅតែឃើញក្រុមរថយន្តប្រភេទយីឌុប និងវ៉េអងដឹក គ្រួស ថ្ម ឆ្លងកាត់ស្ពានខាងលើជាហូរហែរ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង