ស្នងការខេត្តព្រៃវែងត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន ប្រកាសជាអគ្គស្នងការរងនគរបាលជាតិ
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ ១រូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវបានប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលទើបត្រូវបានផ្ទេរចេញពីតំណែង ជាស្នងការនគរបាលខេត្តព្រៃវែង។ រីឯលោកឧត្តមសេយ៍ទោ ផាន់ សុផល ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលត្រូវបញ្ចប់មុខតំណែង និងទៅកាន់តួនាទីថ្មី។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង ដោយតែងតាំងលោកឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង និងតែងតាំងលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ។
គួររំលឹកថា លោក ព្រុំ សន្ធរ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ជំនួសលោកឧត្តមសេនីយ៍ទោ ស្រេង ជា ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ មុនកាន់តំណែងជាស្នងការនគរបាល ខេត្តព្រៃវែង លោក ព្រុំ សន្ធរ ជាស្នងការរងនគរបាល រាជធានីភ្នំពេញ៕