Breaking News: ប្រធានគណបក្សប្រជាជនកម្ពុជាមិនទទួលយកការសុំទោសពីលោក សុន ឆ័យ នោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជានិងជាប្រធានគណបក្សប្រជាជន ប្រកាសមិនទទួលយកការសុំទោសពីលោក សុន ឆ័យ ដោយថាមិនចង់ឱ្យមានការចោទមកលើគណបក្សប្រជាជនដដែលជាដដែល។

សម្ដេចតេជោបានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមតេក្រាមនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ដោយភ្ជាប់មកជាមួយនៅលិខិតសុំទោសរបស់លោក សុន ឆ័យ ដែលបានសរសេរកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយក្នុងនោះលោក សុន ឆ័យ បានសរសេរថា ការនិយាយរបស់លោកគឺដោយគ្មានបំណងចោទគណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនោះទេ និងបានសុំទោសជូនចំពោះគណបក្សប្រជាជនផងដែរ។

លោកថា៖ «រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថាគណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះនៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ថាខ្ញុំបានចោទជាចោរលូចសន្លឹកឆ្នោតនោះខ្ញុំសុំអភ័យទោស»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចមិនទទួលយកការសុំទោសនេះឡើយ។ មិនទទួលយកក៏ព្រោះតែសម្ដេចចង់បញ្ចប់នូវវប្បធម៌លាបពណ៌និងការប្រមាថ។

សម្ដេចថា៖ «យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្សុីធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។

គួរឲ្យដឹងផងដែរថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសឲ្យលោក សុន ឆ័យ សងជំងឺចិត្តទៅ គ.ជ.ប ចំនួន ៩លានរៀល (ប្រមាណ ២ពាន់ដុល្លារ) និងធ្វើលិខិតសុំទោស គ.ជ.ប ក្នុងរយៈពេល ២ខែ បន្ទាប់ពីប្រកាស។

បន្ថែមលើនេះតុលាការក៏ឱ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តដល់បក្សប្រជាជនចំនួន ៣ពាន់លានរៀល (ប្រមាណ ៧៥ម៉ឺនដុល្លារ) និងបង់ចូលរដ្ឋចំនួន ៨លានរៀលផងដែរ។

កាលពីខែសីហា ឆ្នាំ២០២២ ទាំង គ.ជ.ប និងបក្សប្រជាជន បានសម្រេចដាក់ពាក្យប្ដឹងលោក សុន ឆ័យ ទាក់ទងនឹងការ បរិហារកេរ្តិ៍ជាសាធារណៈតាមរយៈបទសម្ភាសន៍មួយដែលលោកធ្វើជាមួយសារព័ត៌មាន Cambodia Daily ដោយបានចោទថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សង្កាត់កាលពីថ្ងៃ៥ មានការលួចបន្លំ បំភ័យ និងទិញសន្លឹកឆ្នោត រហូតដល់ថ្នាក់ប្រើពាក្យប្រៀបធៀបទៅនឹង «ចោរ» ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង