ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC) ដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត Michael Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិក US-ABC រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford ក្រុម RMA Group ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa ក្រុមហ៊ុន Vriens & Partners ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

ជំនួបនេះរៀបចំឡើងដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្គូផ្គងធុរកិច្ច រវាងប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ាន ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ សំដៅចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសបង្ហាញនូវការគាំទ្ររបស់សហគមន៍អ្នកជំនួញអាមេរិកសម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

ឯកឧត្តម Michael W. Michalak បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ជូន បើទោះជាក្នុងកាលៈទេសៈប្រឈមនឹងការរាតត្បាត ពីជម្ងឺកូវីត-១៩ ក៏ដោយ។ ទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ។

នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបឱ្យដឹងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿន និងស្វែងរកដៃគូវិនិយោគលើកិច្ចការងារនេះ។

ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡីងពីគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះផងដែរ។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តប្រើប្រាស់ថាមពលអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តបន្ថែមទីតាំងស្ថានីយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។

ឆ្លៀតក្នុងនោះឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យ ឯកឧត្តម Michael W. Michalak ក្នុងនាមក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន ពិនិត្យលទ្ធភាពក្នុងការចាត់អ្នកជំនាញការ មកធ្វើបទបង្ហាញដោយផ្ទាល់ ឬតាមប្រព័ន្ធ Online ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ លើការកសាងសមត្ថភាពរបស់មន្ត្រីរាជការក្រសួង ជាពិសេសមន្ត្រីជំនាញបច្ចេកទេសទាក់ទងនឹងភាពជាអ្នកដឹកនាំ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត និងចែកជូនទៅនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនចំណេះដឹង និងបណ្តុះផ្នត់គំនិតល្អៗបន្ថែម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងរយៈពេលប្រមាណ៣ខែទៀត សាលសហសិក្សារបស់ក្រសួង នឹងរួចរាល់ជាស្ថាពរ ដែលអាចធ្វើការរៀបចំបទបង្ហាញប្រកបដោយស្តង់ដារនៅក្នុងទីនោះបាន។

ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្សនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូឱ្យបានជ្រាបពីកិច្ចសហប្រតិបត្តិការ ជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យអន្តរជាតិនានា ជាក់ស្តែងរួមមានដូចជា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ (ក្រោមជំនួយរបស់ក្រុមហ៊ុន RMA Cambodia) មន្ទីរពិសោធន៍តេជោសែន សាធារណការកម្ពុជា-កូរ៉េ (ជំនួយរដ្ឋាភិបាលកូរ៉េ) ព្រមទាំងកិច្ចសហការតាមរយៈការចុះអនុស្សារណៈលើការយោគយល់ (MoU) ជាមួយសាកលវិទ្យាល័យនៃប្រទេសចិន និងប្រទេសកូរ៉េជាដើម។

ដោយឡែកចំពោះការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ដែលមានអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ជាសេនាធិការ បានខិតខំប្រឹងប្រែងលើការលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងស្ថាប័នរដ្ឋ ដូចជាការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីកាត់ពិន្ទុបណ្ណបើកបរ និងផាកពិន័យអ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ជាដើម ហើយក៏បានសហការជាមួយក្រុមហ៊ុន Visa ក្នុងការនាំយកការប្រើប្រាស់ធនបត្រឌីជីថល (Digital Money) ឬការមិនប្រើប្រាស់ក្រដាសប្រាក់(Cashless) ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ឆ្លើយតបទៅនឹងការលើកឡើងយ៉ាងក្បោះក្បាយខាងលើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី សមាជិកសមាជិកា នៃគណៈប្រតិភូ US-ABC តំណាងក្រុមហ៊ុនធំៗចំនួន ០៦ ក្រុមហ៊ុន ដែលមានវត្តមាននាឱកាសនេះ បានសម្តែងនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

មុននឹងជំនួបពិភាក្សាត្រូវបានបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន សូមកុំរួញរាក្នុងការទាក់ទងស្វែងរកការជួយគាំទ្រពីស្ថាប័នរដ្ឋ ពីព្រោះភាពជោគជ័យនៃវិស័យឯកជន គឺជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលដូចគ្នា ដូចដែលយើងដឹងស្រាប់ហើយថា កំណើនសេដ្ឋកិច្ច និងឱកាសការងារ គឺបានមកពីវិស័យឯកជនមួយភាគធំ៕

អត្ថបទដែលជាប់ទាក់ទង