រមណីយដ្ឋានប្រាសាទកោះកេររៀបចំពីធីក្រុងពាលីដើម្បីត្រៀមពិធីបួងសួងសុំសេចក្ដីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃស្អែកនេះ
នៅរមណីយដ្ឋានប្រាសាទកោះកេរ នាព្រឹកថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពីធីក្រុងពាលីដើម្បីត្រៀមសម្រាប់ពិធីបួងសួងសុំសេចក្ដីសុខ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីក្រុងពាលីនាព្រឹកនេះ ត្រូវបានរៀបចំដឹកនាំដោយលោកជំទាវ នេត ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមានការចូលរួមពីអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហាររួមទាំងក្រុមការងារក្រសួងជាច្រើនរូបទៀត។
គួរជម្រាបជូនថា រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះវិហារត្រូវបានអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានស្នើសុំតាំងពីឆ្នាំ២០២១។
គួររំលឹកផងដែរថា ពិតជាមោទកភាពជាតិមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារ និងលើកតម្លៃមរតកវប្បធម៌ជាតិក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលជាអតីតរាជធានីខ្មែរមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ។
ការណ៍ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចចុះបញ្ជីបេតិកភណ្ឌប្រាសាទកោះកេរនេះក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកគឺមានសារៈសំខាន់ ទីមួយ លើកតម្លៃឡើងវិញនូវមរតកវប្បធម៌បេតិកភណ្ឌយើងដែលជាអតីតរាជធានីមួយនៃសតវត្សរ៍ទី១០ហ្នឹង តាមពិតទៅបើយើងនិយាយគ្រប់គ្នាជាទូទៅថាជា មោទកភាពមួយរបស់ជាតិសាសន៍យើងដែរ ដែលបុព្វបុរសបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ក្នុងប្រទេសយើងជាច្រើន ពិសេសគឺរមណីយដ្ឋាន បុរាណដ្ឋានធំៗ៕