ក្រុមការងារអន្តរក្រសួងចុះពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ ដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងវិញ នៅតាមដងទន្លេមេគង្គ
កណ្ដាល៖ ក្រុមការងារទារបំណុលអន្តរក្រសួង ស្នើដល់ក្រុមហ៊ុនកំពុងប្រកបអាជីវកម្មបូមខ្សាច់ចំនួន២ នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែង ត្រូវសហការជាមួយក្រុមការងារប្រចាំការ ពិសេសអាជ្ញាធរមូលដ្ឋាន សំដៅគ្រប់គ្រងឱ្យបានច្បាស់លាស់នូវការបូមខ្សាច់របស់ក្រុមហ៊ុនទាំងពីរ ដើម្បីបញ្ជៀសការបាត់បង់នូវប្រាក់ចំណូលចូលរដ្ឋ។
នេះជាការស្នើសុំរបស់ ឯកឧត្ដម យស មុនីរ៉ាត់ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារទាបំណុលអន្តរក្រសួង ក្នុងឱកាសដែលឯកឧត្តម រួមជាមួយក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកលើកដែក ខេត្តកណ្ដាល និងអាជ្ញាធរស្រុកពាមជរ ខេត្តព្រៃវែង ចុះពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ ដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងវិញ របស់ក្រុមហ៊ុន ចតុមុខ រីសសស៍ សីបផ្លាយ អ៊ីមផត អិចផត ឯ.ក និងក្រុមហ៊ុន ក្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន នៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រែកដាច់ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល និងឃុំព្រែកក្របៅ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្ដម យស មុនីរ៉ាត់ បន្តថា ការពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ គឺដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងរបស់ក្រុមហ៊ុន ដើម្បីកំណត់បានឱ្យច្បាស់នៅគ្រប់សាឡង់នីមួយៗរបស់ក្រុមហ៊ុន មានការផ្ទុកនូវចំនួនខ្សាច់ដែលបានបូមចេញពីទន្លេមេគង្គឱ្យបានច្បាស់លាស់ ។
ក្នុងឱកាសនោះ ឯកឧត្តម បានស្នើដល់ក្រុមហ៊ុនទាំងពីរ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់អាជ្ញាប័ណ្ណដែលបានកំណត់ មិនត្រូវអនុវត្តខុសនៅច្បាប់ឡើយ ពិសេសកាបូងខុសម៉ោងកំណត់ បូមខុសទីតាំង ដែលអាចប្រឈមទៅនឹងការផាកពិន័យរបស់ច្បាប់ ក្នុងករណីធ្ងន់ធ្ងរ ឈានដល់ការលុបអាជ្ញាប័ណ្ណផងដែរ។
ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនទាំងពីរ ត្រូវសហការគ្នាឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ពីរថ្នាក់ឃុំ ស្រុក និងខេត្ត ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធានាបានថាការបូមខ្សាច់នៅតាមដងទន្លេមេគង្គ មិនបានបង្កឱ្យមានផលប៉ះពាល់ ឬបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនៅតំបន់នោះឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរមូលដ្ឋាន សហការគ្នាឱ្យបានល្អជាមួយក្រុមការងារអន្តរក្រសួង ធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានច្បាស់លាស់ចំនួនសាឡង់ដឹកខ្សាច់ទាំងអស់ ដែលដឹកឱ្យក្រុមហ៊ុននីមួយៗ ទន្ទឹមនឹងនោះក្រុមហ៊ុនទាំងពីរត្រូវគោរពនៅដែនអាជ្ញាប័ណ្ណ ជៀសវាងបង្កជាបញ្ហាប្រឈមនានាដែលអាចកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕