មិត្តប្រុសយកកាំបិតចុងស្រួចចាក់មិត្តស្រីរបស់ខ្លួនជាកម្មការិនីរោងចក្របណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម

ព្រះសីហនុ៖ កម្មការីនីរោងចក្រត្រូវបានឃាតករដៃដល់ជាសង្សារចាក់សម្លាប់ឱ្យស្លាប់ភ្លាមៗនៅច្រកទ្វារផ្លូវចូលរោងចក្រ «បេវឈីវើ » ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោងប្រមាណជា១០យប់ ថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ ក្រោយពេលជនរងគ្រោះចេញពីធ្វើការថែមម៉ោង។

បើតាមលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឱ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃទី០២ ខែមិនានេះថា ជនសង្ស័យមានឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រមានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវត្រង់ក្រោមក្លៀកខាងឆ្វេងចំនួន ១ កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុបុរសជាជនដៃដល់បានរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចកំណត់បានមុខសញ្ញាហើយ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង