Breaking News: លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ មានជំងឺប្រចាំកាយនិងកូនៗសូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន, សាលាដំបូងខេត្តកណ្ដាល, តុលាការកំពូល ក្រោយទទួលបានយុត្តិធម៌
កណ្តាល៖ លោកយាយឈ្មោះ អែម ថៃ អាយុ ៧៨ឆ្នាំ ដែលមានជំងឺជាប់កាយ មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ព្រមទាំងកូនៗ នៅព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដមប្រធានសាលាដំបូងខេត្តកណ្តាល, លោកចៅក្រមស៊ើបសួរ, លោកព្រះរាជអាជ្ញា, លោកស្រីក្រឡាបញ្ជី និងមន្ត្រីសាលាដំបូងខេត្តកណ្តាលទាំងអស់ ជាពិសេសឯកឧត្តមប្រធានតុលាការកំពូល, ឯកឧត្តមប្រធានក្រុមប្រឹក្សាជំនុំជម្រះ, ឯកឧត្តមចៅក្រម,ឯកឧត្តមចៅក្រមទទួលបញ្ជា, ឯកឧត្តមតំណាងមហាអយ្យការ, លោកស្រីក្រឡាបញ្ជី និងមន្ត្រីនៃតុលាការកំពូលទាំងអស់ដែលបានផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសាររបស់គាត់បានឈ្នះក្ដី ពាក់ព័ន្ធករណីទំនាស់ដីធ្លី។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។
នាឱកាសនោះ លោក អ៊ុន ប៊ុនថា ត្រូវជាកូនប្រុសបង្កើតរបស់លោកយាយ អែម ថៃ ក៏បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរជូនចំពោះប្រមុខរដ្ឋាភិបាលគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងស្ថាប័នតុលាគឺសាលាដំបូងខេត្តកណ្តាល និងតុលាការកំពូលដែលបានជួយស្វែងរកការពិត ផ្ដល់នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ និងបានផ្ដល់នូវភាពយុត្តិធម៌ជូនម្ដាយនិងក្រុមគ្រួសាររបស់លោកផងដែរ។
ទន្ទឹមនេះ លោក អ៊ុន ប៊ុនថា ក៏បានគោរពថ្លែងអំណរអរគុណជាទីបំផុតផងដែរជូនចំពោះលោកឧកញ៉ា ឈុន អូន តំណាងក្រុមហ៊ុន កម្ពុជាតេលា ដែលបានឲ្យលោកមេធាវី នុត ទីតូ មេធាវីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនក្រុមហ៊ុនកម្ពុជាតេលាចេញនូវសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះថា ក្រុមហ៊ុនកម្ពុជាតេលាដែលតំណាងដោយ លោកឧកញ៉ា ឈុន អូន មិនដែលមានវិវាទពាក់ព័ន្ធជាមួយនឹងភាគីទំនាស់ក្នុងសំណុំរឿង(សំណុំរឿងអនុវត្តដោយបង្ខំលេខ:១៤១ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២របស់សាលាដំបូងខេត្តកណ្ដាល)ខាងលើនោះឡើយនិងមិនមានទ្រព្យសម្បត្តិជាអចលនទ្រព្យ(ដីធ្លី)នៅទីនោះឡើយ។
ជាមួយគ្នានោះដែរ លោក អ៊ុន ប៊ុនថា ក៏បានគោរពស្នើសុំយ៉ាងទទូចដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងតុលាការកំពូលដែលមេត្តាជួយអន្តរាគមន៍ផ្ដល់ភាពស្របច្បាប់ឲ្យបានលឿនរហ័សជូនអ្នកម្ដាយនិងក្រុមគ្រួសាររបស់លោកបានចាត់ចែង ប្រើប្រាស់ អាស្រ័យដោយភាពស្របច្បាប់ត្រឹមត្រូវដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតផង។
ទាក់ទិនករណីខាងលើនេះ លោក អ៊ុន ប៊ុនថា ក៏បានសូមគោរពស្នើសុំដល់តុលាការកំពូលយ៉ាងដូច្នេះថា បើមានបុគ្គលឬភាគីណាចង់ដាក់ពាក្យបណ្ដឹងសើរើឬប្ដឹងជំទាស់ទៀត សូមឯកឧត្តមប្រធានតុលាការកំពូលមេត្តាតម្កល់ទុកដោយឥតចាត់ការផងចុះ៕ ដោយ៖ ការីនិពន្ធ