បណ្ឌិត ឃន ជឺ ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។
ឯកឧត្តមបណ្ឌិត ឃន ជឺ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។
ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។
ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕