លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត៖ «កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋ…»

កណ្ដាល៖ «កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ ជាមួយនឹងការទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទីផងដែរ»។ នេះជាប្រសាសន៍លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោកស្រីក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីមានចីរភាពនាពេលអនាគត» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ លោកស្នងការខេត្តកណ្តាលបានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្តថា «ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ពិសេសមិនត្រឹមតែបន្ទាប់បំពេញការងារស្នូលប៉ុណ្ណោះទេ ការងារលំបាកទៀតនោះគឺការងារផ្ទះ កុំថាការងារផ្ទះនេះស្រួលឲ្យសោះណា គឺលំបាកណាស់ រវីរវល់ វីរវក់ពេញផ្ទះ ណាមួយបាយម្ហូបប្ដីកូន ស្លៀកពាក់កូនៗ ជូនកូនទៅរៀន ការងារផ្ទះសព្វគ្រប់បែបយ៉ាង ដែលនេះជាគួរឲ្យកោតសរសើរបំផុតចំពោះការលះបង់របស់ឧត្តមភរិយាជានគរបាលគ្រប់រូបដែលបានលះបង់ ទាំងក្នុងកិច្ចការងារជាតិ និងការងារផ្ទាល់ខ្លួន ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោក៏បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។

ទន្ទឹមនោះលោកស្ន​ងការក៏បានផ្តល់ជូនបាច់ផ្កាជាអនុស្សាវរីយ៍ដល់កងកម្លាំងនគរបាលនារី និងថវិកាមួយចំនួនផងដែរ ដែលជាការចូលរួមចំនែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ ហើយក៍មានគម្រោងសម្របសម្រួលក្នុងការតម្លើងមុខតំណែងដល់ស្ត្រីជានគរបាលដែលមានស្នាដៃនិងមានសមត្ថភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង