នៅសាលាជាតិគយមានបើកវគ្គសិក្ខាសាលាស្តីពីការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣
នៅសាលាជាតិគយ នាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានការបើកវគ្គសិក្ខាសាលាស្តីពីការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣ (Time Release Study-2023) ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយរដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO)។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងរ៉ែនិងថាមពល, ក្រសួងសុខាភិបាល, ក្រសួងបរិស្ថាន, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធរួមមាន តំណាងរដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ARISE Plus Cambodia, EU Delegation to Cambodia, Swisscontact-Cambodia, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រួមទាំងវិស័យឯកជនពាក់ព័ន្ធរួមមាន សភាពាណិជ្ជកម្មកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា, សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, សមាគមថ្មក្រានីតកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាឯកឧត្តមអគ្គនាយករង បានគូសបញ្ជាក់ថា ការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣នេះ ជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវបញ្ហាប្រឈមក្នុងការបំពេញបែបបទនៅគ្រប់ដំណាក់កាល និងគ្រោងដាក់ចេញនូវវិធានការចាំបាច់នានាជាមូលដ្ឋានសម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។
ជាមួយនោះ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា អនុវត្តតាមវិធានការកំណែទម្រង់ស៊ីជម្រៅនិងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជាដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបន្តកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីបំពេញបែបបទដែលមានលក្ខណៈសាមញ្ញ និងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅកាត់បន្ថយទាំងពេលវេលានិងចំណាយរបស់ធុរកិច្ចពាណិជ្ជកម្មនៅកម្ពុជា។
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញការរបស់រដ្ឋបាលគយជប៉ុន និងអ្នកជំនាញការរបស់អង្គការ JICA បានធ្វើបទបង្ហាញស្តីពីវិធីសាស្រ្ត និងបទពិសោធន៍នៃការអនុវត្តការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ។ ទន្ទឹមនេះ អង្គសិក្ខាសាលាក៏បានស្វែងយល់ពីដំណើរការបំពេញបែបបទបញ្ចេញទំនិញពីគយ និងដំណើរការផ្តល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណពាក់ព័ន្ធនឹងការនាំចូលទំនិញ តាមរយៈបទបង្ហាញរបស់តំណាងអគរ និងតំណាងក្រសួង/ស្ថាប័នមួយចំនួនផងដែរ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ គឺជាការចាប់ផ្តើមនៃដំណើរការសិក្សារយៈពេលបំពេញបែបទបញ្ចេញទំនិញលើកទី៤ ទាំងមូល ដែលការងារបន្ទាប់ គឺការប្រមូលទិន្នន័យនៅ អគរ និងតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សាឆ្នាំ២០២៣ ដែលរំពឹងថានឹងផ្សព្វផ្សាយជាសាធារណៈនៅត្រីមាសទី១ ឆ្នាំ២០២៤។
ទន្ទឹមនោះ ឯកឧត្តមអគ្គនាយករងក៏បានស្នើដល់អង្គភាពគយនិងរដ្ឋាករ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំនីតិវិធីផ្ទៃក្នុង និងចូលរួមសហការជាមួយក្រុមការងារ និងអ្នកជំនាញការ ដើម្បីឱ្យការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕