អភិបាលរាជធានីភ្នំពេញណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតី ទទួល ខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខព្រះរាជពិធីបុណ្យអុំទូក
ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតី ទទួល ខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។
ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបានណែនំាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមលក្ខណៈបំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយនឹងសូមឱ្យកងកម្លាំងយើងទាំងអស់យកស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតថា ភារៈកិច្ចរបស់យើងគឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្តនិងជឿជាក់មកលើកងកម្លាំងរបស់យើងជារៀងរហូតមក។
ជាមួយនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន១៤គោលដៅខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។
ទន្ទឹមនោះ ឯកឧត្តមបន្ថែមថា ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់ប្រភេទដែលឈរជើងនៅតាមគោលដៅនានាក្នុងកិច្ចការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក។ ជាងនេះទៅទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈក្នុងការរៀបចំទំនុកបម្រុងដើម្បីជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រសើរ៕