ក្លិបអ្នកកាសែតកម្ពុជាបានរៀបចំកម្មវិធីវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន៖ ភាពប្រឈម និងកាលានុវត្តភាព»

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន៖ ភាពប្រឈម និងកាលានុវត្តភាព» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់វេ ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង៧០នាក់ មកពី៥១ស្ថាប័ន។

ក.អ.ក សម្រេច​លើកយក​ប្រធាន​បទខាងលើនេះ មកពិភាក្សាក្នុងគោលបំណងដើម្បីជួយអ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែម ​អំពី​តួនាទី​អាស៊ាន រួម​ទាំងដំណោះស្រាយរបស់អាស៊ាន ទៅនឹងរាល់បញ្ហាប្រឈម និង​សណ្តាប់ធ្នាប់ពិភពលោកចំពោះមុខគូប្រជែងរបស់ប្រទេសមហាអំណាច ពិសេសដំណើរឆ្ពោះទៅរក «សហគមន៍តែមួយ វាសនាតែមួយ» ដើម្បីវិបុលភាពសេដ្ឋកិច្ច។

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត​ កៅ គឹមហួន បានចែក​រំលែកការ​យល់ដឹងអំពីគោលជំហរអាស៊ានទាក់ទងបញ្ហាប្រឈម និង​ឱកាស​ដែល​អាស៊ាន​អាចនឹង​ទទួល​បាន​អំពីរបៀបនៃការ​ពង្រឹង និង​ពង្រីកឥទិ្ធពលបន្ថែមទៀត។ បច្ចុប្បន្នភាពនៃបញ្ហាប្រឈមចំពោះមុខ ទាំងនយោបាយ និងសេដ្ឋកិច្ចសកល ក៏នឹងត្រូវវាគ្មិនលើកយកមកជម្រាបជូន ក្នុងវេទិកាពិភាក្សានេះផងដែរ។ ឯកឧត្តមបណ្ឌិត​ បានមានបញ្ជាក់ជូនអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន រួមទាំង ការចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងឆ្នាំ២០៥០​ ដែលជាឯកសារដ៏មានសារៈសំខាន់ ក្នុងការរៀបចំទិសដៅជាយុទ្ធសាស្ត្ររបស់អាស៊ាន នៅក្នុងរយៈពេល២០ឆ្នាំបន្ទាប់។

ឯកឧត្តមបណ្ឌិត​បានលើកឡើងថា​ សសរស្ដម្ភ កត្តាប្រជាពលរដ្ឋ​ បច្ចុប្បន្ននេះ អាស៊ានមានប្រជាពលរដ្ឋកើនឡើងរហូតទៅដល់ជាង ៦៨០លាននាក់ និងអាចធ្លាក់ចុះមកវិញនៅឆ្នាំ២០៣០ នេះបើតាមចក្ខុវិស័យរបស់អាស៊ាននាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបន្តថាអាស៊ានមានផែនការយុទ្ធសាស្ត្រ៤​ សសរស្ដម្ភ ចរន្តសេដ្ឋកិច្ច និងការពារសន្តិសុខក្នុងតំបន់ គឺអាស៊ាន បានកៀរគរអ្នកវិនិយោគទុនធំៗដើម្បីជួយប្រទេសជាសមាជិកអាស៊ាន។

ឯកឧត្ដមអគ្គលេខាធិការបន្តថា​ ឥទ្ធិពលបម្រែបម្រួលអាកាសធាតុ បញ្ហាសុខភាពសាធារណៈ និង ស្បៀង។ល។ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រទេសក្នុងតំបន់អាស៊ានបានចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថាន​ ដោយប្រទេសជាសមាជិកអាស៊ាន​ សម្រេចបានកាត់បន្ថយពីការប្រើប្រាស់ថាមពលមិនស្អាតដែលកើតពី ឧស្ម័នមិនល្អ បែរមកប្រើប្រាស់ថាមពល ល្អវិញ ដូចជាថាមពលឧស្ម័នដែលចេញដែល​ភាយ​ចេញពីរថយន្ត​ ធ្វេីឱ្យខ្យល់មិនស្អាត ឬវារីអគ្គិសនីជាដើម។​ កម្ពុជា​ បច្ចុប្បន្នប្រើប្រាស់ថាមពលស្អាត៦២% លើសគោលដៅដែលអាស៊ានកំណត់ឱ្យប្រើ៣៥% ហើយខាងមុខកម្ពុជានឹងអាចប្រើប្រាស់ថាមពលស្អាតរហូតដល់៧០%។

ឯកឧត្តមបណ្ឌិត​ កៅ គឹមហួន បានបញ្ជាក់ថា វិបត្តិ​នៅប្រទេស​មីយ៉ាន់ម៉ា​ ចំពោះអាស៊ាន​ មិនមានជំហណាមួយក្នុងការលូកដៃទៅនយោបាយ​ មីយ៉ាន់ម៉ា​ នោះទេ​ ដោយស្នេីឱ្យមានការដោះស្រាយរួមគ្នា​រកសន្តិវិធីដេីម្បីបញ្ចប់សង្គ្រាម​រាំរៃ​មួយនេះ។ ក្នុងនោះផងដែរ​ អាស៊ាន​បាន​អនុម័ត​បញ្ចូលប្រទេស​ទីម័រខាងកើត​ ជាអ្នកសង្កេតការណ៍​ មានសិទ្ធចូលរួមរាល់កិច្ចប្រជុំអាស៊ាន​ផងដែរ។

គួរជម្រាបថា ក.អ.ក ចាត់ទុក​វេទិកាពិភាក្សានេះសមស្របបំផុតទៅនឹង​បច្ចុប្បន្ន​ភាព​ក្នុង​តំបន់ និង​ពិភពលោក​ ហើយ​ក៏ជា​ឱកាស​សម្រាប់​អ្នក​សារព័ត៌មាន​ស្វែងយល់កាន់តែស៊ីជម្រៅបន្ថែម​ទៀតអំពី​តួនាទី និង​អនាគតអាស៊ាន។ វេទិកានេះ ក៏នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដើម្បីវាគ្មិនបានបកស្រាយ និងពន្យល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង