អូស្ត្រាលីបន្តគាំទ្រជួយដល់កម្ពុជាលើវិស័យជាច្រើន ពិសេសជួយកម្ពុជាជាប្រទេសគ្មានមីននៅឆ្នាំ២០២៥

ភ្នំពេញ៖ អូស្ត្រាលីបានអះអាងថា នឹងបន្តគាំទ្រជួយកម្ពុជាលើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច វិនិយោគ កសិកម្ម ជាពិសេសជួយឱ្យកម្ពុជាជាប្រទេសគ្មានមីននៅឆ្នាំ២០២៥តាមការគ្រោងទុករបស់រដ្ឋាភិបាលកម្ពុជា ។

ការបញ្ជាក់របស់ភាគីអូស្ត្រាលីបែបនេះ ខណៈសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្ដម ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ឯកឧត្តមទូតថ្មីបានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានសេចក្តីរីករាយណាស់ដែលបានវិលត្រឡប់មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក។

ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សហើយឯកឧត្តមក៏សូមសំដែងនូវការគោរពចំពោះការដឹកនាំដ៏វៃឆ្លាតរបស់សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ កន្លងមក ការរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំទៅដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិសព្ទដ៏ល្អរន្ទឺ ក៏ដូចជាបានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តមនឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជាឲ្យបានសម្រេចនូវគោលដៅប្រទេសគ្មានមីននៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច វិស័យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស វិស័យការពារជាតិនិងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀនជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀត។

ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តមវ៉ាយអេត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំកម្ពុជា។សម្ដេចក៏បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខមួយនិងពូជស្រូវដទៃទៀត។

សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលកន្លងមកបានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងសម្រាប់ទប់ស្កាត់ការីរាលជំងឺ កូវីដ-១៩។សម្ដេចបានមានប្រសាសន៍ថាជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រនិងជួយពីប្រទេសអូស្ត្រាលីទេ។សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីននិងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត។

គួរបញ្ជាក់ថា ឯកឧត្តម ចាស្ទីន វ៉ាយអេត ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំ​កម្ពុជា ជំនួសឯកឧត្តម បាប្លូ កាង។
បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលឯកឧត្តម ចាស្ទីន វ៉ាយអេត បានមកបម្រើការងារនៅប្រទេសកម្ពុជា បន្ទាប់ពីបានមកធ្វើការងារការទូតដំបូងបង្អស់ របស់លោកនៅកម្ពុជាកាលពីជាង២០ឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង