បន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត៥៣៨នាក់ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ព្រះមហាក្សត្រទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន៥៣៨នាក់ (ក្នុងនោះមានស្រី ៤៣ នាក់)។ នេះបើតាមឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

ក្នុងចំណោមទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសនោះ រួមមាន៖

+ការបន្ថយទោស ៣ខែ ចំនួន៣៩១នាក់ (ស្រី៣១នាក់)
+ការបន្ថយទោស ៦ខែ ចំនួន១៣២នាក់ (ស្រី១០នាក់)
+ការបន្ថយទោស ៩ខែ ចំនួន១២នាក់ (ស្រី១នាក់)
+ការបន្ថយទោស ១២ខែ ចំនួន១នាក់ (ស្រី០នាក់)
+ការបន្ថយទោសមួយជីវិតមកនៅត្រឹម៣០ឆ្នាំ ចំនួន១នាក់ (ស្រី០ នាក់)
+លើកលែងទោស ស្ត្រី១នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖

*១៖ ចំពោះបទល្មើសទូទៅ
+ឧក្រិដ្ឋជនគ្រឿងញៀន
+អំពើសាហាវយង់ឃ្នង
+ករណីមិនរាងចាល
+ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
+ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
+ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ

*២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
+ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
+ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
+ជនរងគ្រោះជាសាច់សាលោហិត
+ករណីរំលោភបូក
+ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕

អត្ថបទដែលជាប់ទាក់ទង