មន្ត្រីបសុព្យាបាលរាជធានីភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគផ្តាសាយបក្សីក្មុងបរិវេណសត្វយាតដ្ឋានបក្សីផ្សារអូឬស្សី
មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម នឹងបសុព្យាបាលរាជធានីភ្នំពេញ សហការជាមួយថ្នាក់គ្រប់គ្រងផ្សារអូឬស្សីនៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣បានធ្វើសកម្មភាពបាញ់ថ្នាំ សម្លាប់មេរោគផ្តាសាយបក្សី ស្ថិតក្នុងបរិវេណ សត្វយាតដ្ឋានបក្សីផ្សារអូឬស្សី។
លោក ម៉ុក ទិត្យទីណា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីពេលថ្មីៗ កន្លងទៅនេះមានការកើតឡើង នូវជំងឺផ្តាសាយបក្សី នៅខេត្តកំពត ហើយដោយឡែក ក្នុងរាជធានីភ្នំពេញជាកន្លែង ដែលមានការដឹកជញ្ជូនសត្វបក្សី មកពីខេត្តនានា ចូលជារៀងរាល់ថ្ងៃ អាស្រ័យហេតុនេះការិយាល័យផលិតកម្ម នឹងបសុព្យាបាលរាជធានីភ្នំពេញ ត្រូវតែមានវិធានការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារការឆ្លងជំងឺផ្តាសាយបក្សី។
លោកបានបន្តទៀតថា វិធានការបន្តទៀត ក្រុមការងារមន្ត្រីជំនាញ នឹងបន្តចុះទៅធ្វើអនាម័យ បាញ់ថ្នាំការពារ ជំងឺផ្តាសាយបក្សី តាមបណ្តាផ្សារផ្សេងទៀត ក្នុងរាជធានីភ្នំពេញ៕