រដ្ឋមន្ត្រីព័ត៌មានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ

ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទ ដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ក្រមសិលធម៌ វិជ្ជាជីវៈ គឺជាកិច្ចការងារយ៉ាងសំខាន់សម្រាប់សារព័ត៌មាន។ អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ដែលមានប្រភពច្បាស់លាស់។

ការណែនាំរបស់ឯកឧត្តម នេត្រ ភក្ត្ រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងតម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មានដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង១មុឺននាក់មានសារព័ត៌មានអនឡានជិត១០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មានហើយនៅជាង ១០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧ អង្គភាព។ដូច្នេះសម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន័ការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងទទួលបានការការពារស្របតាមផ្លូវច្បាប់។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា Facebook នៅកម្ពុជាដែលប្រើ Name Cambodia មានប្រមាណ១៥ លានគណនេយ្យ Facebook, Tik Tok មានប្រមាណជិត ១០ លាន គណនេយ្យ ដែលជាមូលដ្ឋាននៃការបញ្ជូនសារទៅឲកយប្រជាពលរដ្ឋ។
ដោយសារមានការកើនឡើងប្រពន្ធ័ផ្សព្វផ្សាយសង្គមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនកុំឲ្យសាធារណជនមានការយល់ច្រឡំ រវាងអ្នកកាសែតអាជីព និងអ្នកកាសែតប្រជាជន អ្នកកាសែត អ្នកយកព័ត៌មានអនឡាញដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ គឺមានការចុះបញ្ជីមានបណ្ណអ្នកកាសែត។អ្នកកាសែតប្រជាជន គឺសំដៅលើអ្នកចូលចិត្តថត ចូលចិត្តសរសេរ ចូលចិត្តផ្សព្វផ្សាយ តែមិនមែនជាអ្នកសារព័ត៌មានអាជីពនោះទេ ។

ជាមួយនោះ ឯកឧត្តមបានជម្រាបជូនថា ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់មន្ត្រី, ក្រសួងព័ត៌មាន បានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារលើកស្ទួយកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព៣០% ។
ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់អ្នកសារព័ត៌មាន។ទន្ទឹមនេះក៏ជម្រុញដល់ប្រធានសមាគមសារព័ត៌មានទាំងអស់ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បសស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសុខភាព៕

អត្ថបទដែលជាប់ទាក់ទង