រដ្ឋមន្ត្រីសុខាភិបាលណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ចូលរួមថែរក្សាសម្ភារៈបរិក្ខារ និងប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា នារសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ដើម្បីឱ្យអនុវត្តកិច្ចការងារកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ក្រោមការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានចេញនូវយុទ្ធសាស្រ្តអាទិភាពគន្លឹះក្នុងការពង្រឹងសេវាសុខភាពនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ការពង្រឹង និងពិនិត្យលើកង្វះខាតធនធានមនុស្ស នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សូមឱ្យធ្វើវិចារណកម្មលើតម្រូវការជាក់ស្តែង ឱ្យមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា បានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ចូលរួមថែរក្សាសម្ភារៈបរិក្ខារ និងប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ត្រូវចេះសន្សំសំចៃ និងត្រូវពិនិត្យការគ្រប់គ្រងឱសថឱ្យបានត្រឹមត្រូវ។ ចំណែកឯការងារចុះអភិបាលគឺត្រូវធ្វើឱ្យបានល្អ ត្រូវមានផែនការ មានខ្លឹមសារ និងគោលបំណងច្បាស់លាស់។
ស្ថិតក្នុងសម័យបច្ចេកវិទ្យាឈានមុខនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងចរន្តឯកសារតាមអេឡិចត្រូនិច ដែលអាចស្នើសុំយោបល់ និងផ្តល់យោបល់ ទៅគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ តាមអេឡិចត្រូនិចដោយមានភាពឆាប់រហ័ស ទោះបីជានៅទីណាក៏ដោយ ហើយនឹងដាក់ដំណើរការពេញលេញថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។
ទន្ទឹមនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអនុលោមទៅតាមគោលនយោបាយជាតិ និងថ្លែងអំណរគុណដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមសហការបានយ៉ាងល្អក្នុងកិច្ចការការពារសុខភាពក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកឧត្តមអគ្គនាយក អគ្គនាយករង អគ្គាធិការ និងអគ្គាធិការរង លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានគ្រប់អង្គភាពថ្នាក់កណ្តាល ឯកឧត្តមលោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងលោកនាយកសាលាមធ្យមសិក្សាភូមិភាគទាំង៤ផងដែរ៕