លោកស្នងការ សិទ្ធិ ឡោះ បញ្ជាឲ្យគ្រប់គ្រងបញ្ជីវត្តមានប្រចាំថ្ងៃចាប់ពីស្នងការរងដល់មន្ត្រីឲ្យបានល្អ ខណៈការិយាល័យបុគ្គលិកត្រូវធ្វើជាគំរូគេ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកម្លាំងផែនការងារធនធានមនុស្ស ប្រជុំពង្រឹងអនុវត្តការងារប្រចាំថ្ងៃ នៅសាលប្រជុំ (ខ) ស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះ លោកឧត្ដមសេនីយ៍ទោស្នងការបានផ្តល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សមានសិទ្ធិសម្រេចលើការអនុញាតិច្បាប់មានរយៈពេលក្រោម៣ថ្ងៃជូនដល់មន្ត្រីដែលស្នើសុំមាន ឋានន្តរស័ក្តិចាប់ពីវរសេនីយ៍ចុះ ដោយមិនបាច់ឆ្លងកាត់លោកឡើយ ដោយឡែកចាប់នាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកមេបញ្ជាការ លោកមេបញ្ជាការរង និងលោក លោកស្រី ស្នងការរង ឲ្យមានជាលាយលាក់អក្សរគឺលោកជាអ្នកសម្រេច។
លោកស្នងការបានបញ្ជាឲ្យគ្រប់គ្រងបញ្ជីវត្តមានប្រចាំថ្ងៃចាប់ពីស្នងការរងដល់មន្ត្រីឲ្យបានល្អនិងការិយាល័យបុគ្គលិកត្រូវធ្វើជាគំរូគេជាមុនសិនក្នុងការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ក្នុងពេលម៉ោងធ្វើការងារនិងការគោរពវិន័យរបស់កម្លាំងនគរបាលជាតិលេខ០០៦ មុនឈានដល់ការណែនាំដល់មន្ត្រីឯទៀតឲ្យគេអនុវត្ត និងបង្កើតក្រុមការងារគ្រប់គ្រងរាល់ឯកសាររបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិបញ្ជូនមកដោយយកចិត្តទុកនិងរកមន្ត្រីនគរបាលដែលមានជំនាញច្បាស់លាស់ផ្នែកបច្ចេកវិទ្យា (អាយធី) ដើម្បីបង្កើតក្រុមការងារតាមដានរាល់បណ្តាញព័ត៌មានសង្គម (ហ្វេសប៊ុក)។
លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្ថែមថា ចំពោះការិយាល័យបណ្តុះ បណ្តាលត្រូវរៀបចំផែនការបើកវគ្គបណ្ដុះបណ្ដាលរៀនសូត្រនៅនឹងកន្លែងនិងត្រៀមបន្តបើកវគ្គបន្ថែមទៀតនិងគ្រប់គ្រងបញ្ជីឈ្មោះមន្ត្រីនគរបាលដែលបានឆ្លងវគ្គសិក្សាក្នុងនិងក្រៅប្រទេសឲ្យបានច្បាស់លាស់ ។
លោកឧត្ដមសេនីយ៍ទោស្នងការបានគូសបញ្ជាក់ថា ការិយាល័យផ្សព្វផ្សាយអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពីស្នាដៃដែលនគរបាលសម្រេចបានតាមកាសែត ទូរទស្សន៍ រដ្ឋនិងឯកជន។ លោកស្នងការបានបញ្ជាឲ្យតាមដានបណ្តាញព័ត៌មានសង្គមដែលផ្សាយគ្មានការពិតមកលើកងកម្លាំងនគរបាលយើងនិងវាយបកឲ្យបានទាន់ពេលវេលា។
លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានគូសបញ្ជាក់ទៀតថា ចំពោះការងារកំណែទម្រង់រដ្ឋបាលរាល់ឯកសារឬលិខិតបទដ្ឋាននានាគឺយើងត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ។ ពិសេសអនុវត្តតាមសេចក្តីណែនាំលេខ០៩ របស់អគ្គស្នងការនគរបាលជាតិ។
ទន្ទឹមនោះ លោកឧត្ដមសេនីយ៍ទោស្នងការ បានណែនាំដល់កងកម្លាំងនគរបាលក្នុងផែនធនធានមនុស្សត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងសហការជាមួយបណ្ដាអង្គភាពផ្សេងៗចំណុះស្នងការដ្ឋាននគរបាលខេខេត្តឲ្យបានស្អិតល្មួត៕