សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិស្តីពី «ពិការភាព» 

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិស្តីពី «ពិការភាព» ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ។

រាជរដ្ឋាភិបាលបានអះអាងបែបនេះក្នុងសារលិខិតនាឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

ផែនការយុទ្ធសាស្ត្រនេះ ដាក់ចេញឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង កាត់បន្ថយ ហានិភ័យសេដ្ឋកិច្ច អនុវត្តឱ្យបានជាក់លាក់នូវសសរស្តម្ភទាំងពីរនៃប្រព័ន្ធគាំពារសង្គម គឺប្រព័ន្ធជំនួយសង្គម ដោយឈរលើ គោលការណ៍មិនទុកឱ្យជនមានពិការភាពណាម្នាក់រស់នៅឯកោ និងប្រព័ន្ធសន្តិសុខសង្គម ដោយធានាដល់សន្តិសុខប្រាក់ ចំណូលរបស់ប្រជាជន ជាពិសេសជនមានពិការភាព។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងសារលិខិតដូច្នេះថា៖ «ជាការពិត យើងត្រូវសហការគ្នាដើម្បីធានាថា ជនមានពិការភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិសេរីភាពសុខុមាលភាព និងការចូលរួមយ៉ាងពេញលេញប្រកបដោយបរិយាបន្ន»។

នាយករដ្ឋមន្ត្រីថ្លែងបន្តថា៖ «លើសពីនេះទៀត យើងត្រូវពង្រឹងការសម្របសម្រួល ការរៀបចំគោល នយោបាយ និងគំនិតផ្តួចផ្តើមរបស់យើង ដើម្បីធានាថា យើងអាចស្តារនិងងើបចេញពីវិបត្តិពិភពលោក សម្រាប់ ជនមានពិការភាពកម្ពុជារបស់យើង ហើយយើងត្រូវបន្ស៊ីកិច្ចខិតខំប្រឹងប្រែងនិងគោលនយោបាយរបស់យើង ជាមួយកិច្ច ខិតខំប្រឹងប្រែងថ្នាក់តំបន់ និងថ្នាក់សកលដើម្បីសម្រេចបាននូវសង្គតិភាព និងមានការបែកខ្ញែកគ្នា»។

ក្នុងន័យនេះ ការរៀបចំផាសុកវត្ថុសម្រាប់ ជនមានពិការភាព រួមមាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោបាយធ្វើដំណើរ និងមធ្យោបាយទំនាក់ទំនង ដូចជា ការរៀបចំ ជម្រាល ធ្នាក់ដៃ ចំណត និងភាសាសញ្ញានៅតាមស្ថានីយទូរទស្សន៍ កម្មវិធី ឬព្រឹត្តិការណ៍នានា ដើម្បីជនមានពិការភាព អាចទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាវាយតម្លៃខ្ពស់ចំពោះ អតីតនាយករដ្ឋមន្ត្រី និងជាអតីតប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងទ្វេតែងលះបង់ធនធាន កម្លាំងកាយ ថាមពល យកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ជនមានពិការភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង។

នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «សម្តេចទាំងទ្វេ ជាមគ្គុទេសក៍ដឹកនាំដ៏អស្ចារ្យ ឈ្លាសវៃ និងប៉ិនប្រសព្វ បានថែរក្សាប្រទេសជាតិឱ្យមានស្ថិរភាព សន្តិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសជនមានពិការភាពដែលជាកូនជាចៅរបស់សម្តេចនៅទូទាំងប្រទេស»។

ជាក់ស្តែង កាលពីអំឡុងពេលកម្ពុជាទទួលឥទ្ធិពលអវិជ្ជមានឆ្លងកាត់វិបត្តិ ជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាពនយោបាយ សេដ្ឋកិច្ចពិភពលោកដែលជាហេតុធ្វើឱ្យមានការអាក់ខានការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា សម្តេចតេជោ បានចាត់ថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះសួរសុខទុក្ខនិងនាំយកនូវ អំណោយ ដើម្បីចែកជូនជនមានពិការភាពនៅតាមសមាគម អង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីចូលរួមដោះស្រាយ នូវការលំបាកមួយនានា។

គូសបញ្ជាក់ថា ជនពិការភាពចំនួន ៧ ៥៣៥នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ខណៈក្រសួងសង្គមកិច្ច បាននឹងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងនោះមានជនមានពិការភាពចំនួន ២៨៨ ៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផលិតបណ្ណសម្គាល់ជនមានពិការភាពបានចំនួន ២២២ ១៤៨បណ្ណ។

រាជរដ្ឋាភិបាលបានជំរុញឱ្យបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

ជាមួយគ្នានេះ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និងបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

លើសពីនេះគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និង សមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ក្រៅពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត៕

អត្ថបទដែលជាប់ទាក់ទង