សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបបងប្អូន ពូមីង តាយាយជាតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួនក្នុងពិធីបុណ្យសមុទ្រលើកទី១០ នៅទីក្រុងកែប 

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបបងប្អូន ពូមីង តាយាយដែលជាតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលើកទី១០ នៅទីក្រុងកែប ខេត្តកែប។

ពិធីបុណ្យសមុទ្រនេះ បាននឹងកំពុងធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់០៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប ខេត្តកែប។

ពិធីបុណ្យសមុទ្រលើកទី១០នេះ បានប្រព្រឹត្តទៅក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ និងនៅសល់១ថ្ងៃទៀតដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចបន្តការទស្សនាកម្សាន្តរបស់ខ្លួន ខណៈពិធីបិទបុណ្យសមុទ្រនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះហើយ។

គួរជម្រាបថា ការរៀបចំពិធីបុណ្យសមុទ្រមានគោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាតដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។

ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើង៩លើករួចមកហើយ នៅតាមខេត្តទាំង៤ ដែលជាប់សមុទ្រកម្ពុជា ហើយលើកទី១០ នៅខេត្តកែបនេះ ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ចំពោះកម្មវិធីនានា ក្នុងពិធីបុណ្យសមុទ្រ រួមមាន៖ *ការរៀបចំសិក្ខាសាលា ការដាំដើមឈើ ការប្រារព្ធពិធីបើកជាផ្លូវការនូវពិធីបុណ្យសមុទ្រ។ រីឯសកម្មភាពសម្រាប់ការទស្សនាកម្សាន្តសំខាន់ៗ មានការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ការបង្ហាញសមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនិងអន្តរជាតិ សកម្មភាពកីឡាលើទឹក លើឆ្នេរ រត់ប្រណាំង និងជិះកង់ ការរៀបចំឱ្យមានសួនខ្លែងជ្រោយសមុទ្រ ទីឋានមនោរម្យ (បញ្ចាំងភាពយន្ត) ក្រុងកែបសិប្បនិមិ្មត (បង្ហោះគោម) ទស្សនីយភាពសិល្បៈ (ក្រុមសិល្បករ សិល្បការិនីជាតិនិងអន្តរជាតិ ចិន ឥណ្ឌា និងវៀតណាមសរុប៣៣០នាក់)។

ពិធីកាត់ខ្សែបូរបើកពិធីជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ(ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ អង្គទូតអន្តរជាតិប្រចាំកម្ពុជា អង្គការជាតិ-អន្តរជាតិ អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ផ្នែកឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីរាជការ និងសមត្ថកិច្ចខេត្តកែប សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម ភ្ញៀវទេសចរអន្តរជាតិ និងមហាជនសរុបទាំងអស់៣០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង