បញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅពន្ធនាគារ ពាក់ព័ន្ធការបង្ហោះ ឡាយវីដេអូក្នុងបណ្តាញសង្គម មានចរិតញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើសអើងនិងសញ្ចារកម្ម

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានដឹកនាំផ្ទាល់បញ្ជាឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនប្រុសស្រីនួន០៥នាក់ និងបញ្ជូនខ្លួនជនសង្ស័យទាំង៥នាក់នេះទៅពន្ធនាគារ ពាក់ព័ន្ធការបង្ហោះ និងឡាយវីដេអូក្នុងបណ្តាញសង្គម និងបណ្តាញ Tik Tok ដែលបានបង្ហាញពីការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា សកម្មភាពខាងលើបានកើតឡើងកាលពីវេលាម៉ោង២០៖០០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣​
នៅចំណុច ផ្ទះជួល ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ​ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ប្រភពបន្តថា ជនសង្ស័យចំនួន ០៥នាក់៖ ១- ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។, ២- ឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។, ៣- ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។, ៤- ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។និង៥- ឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។

ប្រភពបានបញ្ជាក់ថា អ្នកទាំង០៥នាក់ខាងលើ បានស្នាក់នៅជួលផ្ទះ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ទូរស័ព្ទដៃចំនួន ០៧គ្រឿង
,ម៉ាក VIVO ROM ពណ៌ផ្កាឈូក,ម៉ាក SAMSUNG ពណ៌បៃតង,ម៉ាក OPPO Find X5 ពណ៌ស, ម៉ាក IPhone 11 Pro Max ពណ៌ខ្មៅ,ម៉ាក OPPO A92 ពណ៌ខ្មៅ,ម៉ាក HUAWEI NOVA3 ពណ៌ខៀវ, ម៉ាក IPhone 12 Pro Max ពណ៌ខ្មៅ។

ប្រភពព័ត៌មានឲ្យដឹងយ៉ាងដូច្នេះថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន បានមកជួលផ្ទះ នៅបុរីចតុមុខ២ ស្ថិតនៅ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដើម្បីលក់ផលិលផលរបស់ខ្លួនដូចជា៖ ថ្នាំពង្រីកដើមទ្រូង ទឹកអនាម័យ ទឹកក្រមុំ កុងគូរូ វីតាមីនប៊ីខេ ក្រោយមកឈ្មោះ ស៊ុន សាំងលី បានទំនាក់ទំនង ឈ្មោះ ចាន់ សុភ័ក្រ្ត ភេទប្រុស អាយុ ២៩ឆ្នាំ និងឈ្មោះ ជី វ៉ាន់ធី ភេទប្រុស អាយុ ២៥ឆ្នាំ ដើម្បីមកថតឃ្លីបវីដេអូ រឿងកំប្លែង នឹងថតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ថែមទាំងផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុក Page (ផេក) Mak Lin 18 ។លុះដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ ២៩ឆ្នាំ និងឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បានមកជួយឡាយវីដេអូលក់ផលិតផលរបស់ខ្លួន ដោយស៊ីភាគរយក្នុងមួយប្រអប់លក់បាន ៣៥$  ទទួលបានប្រាក់ចំនួន ៥$ ពីឈ្មោះ ស៊ុន សាំងលី ចំណែកការស្នាក់នៅនិងបរិភោគគឺឈ្មោះ ខាងលើជាអ្នកទទួលខុសត្រូវ ទាំងស្រុង ។

ប្រភពបានបន្តថា លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០៖០០នាទី ស្រាប់តែឈ្មោះ ម៉ើ ស្រីលាក់ បានឡាយលក់ផលិតផលរបស់ខ្លួនខាងលើ ដោយឱ្យឈ្មោះ ទូច ស្រីមី ឈរពីក្រោយខ្នងខ្លួនកំពុងតែអង្គុយឡាយវីដេអូ ចាំទះដៃ និងស្រែកបន្ទរ នៅពេលកំពុងឡាយវីដេអូនោះ ឈ្មោះ ម៉ើ ស្រីលាក់ បានស្រែកខ្លាំងៗ ហើយប្រើពាក្យ អាសអាភាស ចំអេះចំអាសជាច្រើន ចំណែកឈ្មោះ ទូច ស្រីមី បានទះដៃ និងស្រែកបន្ទរ នូវពាក្យពេចន៍មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរថែមទៀតផង។

បើតាមប្រភពព័ត៌មានពីអ្នកច្បាប់បានឲ្យដឹងដែរថា អំពើខាងលើ ជាបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា ២៨៤,មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង