សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យផ្តល់បណ្ណបើកបរដល់ជនមានពិការភាព


នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលរួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួល​ជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេក​ទេស​យានយន្ត។ ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធី «អបអរសាទរទិវាជនមាន​ពិការ​ភាពលើកទី២៥ និងអន្តរជាតិលើកទី៤១» នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

ចំពោះអន្តរក្រសួងរួមមានក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ធ្លាប់បានចេញប្រកាសរួមស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព បាន​កំណត់ប្រភេទជនមានពិការភាពជា ៣កម្រិត ដូចជា៖ ១- ជនមានពិការភាពកម្រិតធ្ងន់ធ្ងរ ជាទូទៅគ្មានសមត្ថភាពប្រឡងយកបណ្ណបើកបរយានយន្តឡើយ ប៉ុន្តែលើកលែងករណីមួយប៉ុណ្ណោះ ដែលត្រូវការការបណ្តុះបណ្តាល ហ្វឹកហ្វឺន ថែទាំ ចិត្តសង្គម និងស្តារកាយសម្បទាជាមុន ទើបអាចមានសមត្ថភាពប្រឡងយកបណ្ណបើកយានយន្ត​កែច្នៃបាន។ ២-ជនមានពិការភាពកម្រិតមធ្យម ដែលមានសមត្ថភាពប្រឡងយកបណ្ណបើកបរ និងអនុញ្ញាតឲ្យបើកបរដោយតម្រូវឲ្យកែច្នៃផ្នែកនៃយានយន្ត និង ៣-ជនមានពិការភាពកម្រិតស្រាល ដែលមានសមត្ថភាពប្រឡងយកបណ្ណបើកបរ និងអនុញ្ញាតឲ្យបើកបរដោយមិនចាំបាច់កែច្នៃយានយន្ត។

ដោយឡែក ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង​លើស​ពី ១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោង​រ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើសពី ៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។

ក្នុងប្រកាសបានបញ្ជាក់ដែរថា ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្វ្រាំង ហ្គារ ចង្កឹះលេខ ដៃចង្កូត​ កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្រប បង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។ ចំពោះសុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំ ដូចប្រជាពលរដ្ឋទូទៅដែរ។ ប៉ុន្តែសុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេស ដែលត្រូវប្ដូរមកបណ្ណបើកបរកម្ពុជាមានសុពលភាព​រយៈពេល ១ឆ្នាំម្ដង៕

អត្ថបទដែលជាប់ទាក់ទង