អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឈិមបក្សចិន បានអះអាងថា «សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដ៏ល្អឯករបស់កម្ពុជា»
អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឈិមបក្សចិន ឯកឧត្តមនាយឧត្ដមសេនីយ៍ ហឺ វ័យទុង (He Weidong) «បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរយ៉ាងខ្លាំងក្លាចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។សម្តេចតេជោ ជាថ្នាក់ដឹកនាំដ៏ល្អឯករបស់កម្ពុជា»។
ឯកឧត្តមនាយឧត្ដមសេនីយ៍ ហឺ វ័យទុង បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា នៅព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនេះ ឯកឧត្តមនាយឧត្ដមសេនីយ៍ ហឺ វ័យទុង បានថ្លែងកោតសរសើរសម្ដេចតេជោថា ជាថ្នាក់មេដឹកនាំដែលបានដឹកនាំប្រទេសរយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹម បក្សកុម្មុយនិស្តចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ និងបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។
សម្ដេចតេជោបានអរគុណចំពោះភាគីមិត្តចិន ដែលបាននាំនូវការសាកសួរសុខទុក្ខរបស់លោកអគ្គលេខាធិការ ស៊ី ជិនពីង ជូនចំពោះសម្ដេច។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ គាំទ្រចិន នឹងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោកទាំងមូល។
សម្ដេចតេជោប្រធានបានបន្តថា ការរីកចម្រើនរបស់ចិន មិនត្រឹមតែជួយធ្វើឱ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។
សម្ដេចតេជោបានបញ្ជាក់ដែរថា កម្ពុជា និងចិន ត្រូវតែបន្តពង្រឹង និងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។
តាមរយៈនាយឧត្ដមសេនីយ៍ ហឺ វ័យទុង, សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខលោក ស៊ីជិនពីង ហើយសង្ឃឹមថា សម្ដេចនឹងមានពេលទៅទស្សនកិច្ច ហើយជួបជាមួយលោក ស៊ី ជិនពីង នាពេលខាងមុខ៕