អភិបាលស្រុកអង្គស្នួលអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង១៧៨០ម៉ែត្រ

អភិបាលស្រុកអង្គស្នួល លោក ខុន សេរីរដ្ឋា នៅថ្ងៃអង្គារទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង១៧៨០ម៉ែត្រ ស្ថិតនៅភូមិបូរីកម្មករ និងភូមិព្រៃទន្លាប់ ឃុំបែកចាន និងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានលើកឡើងថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅ លើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាង ប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។

ឯកឧត្តមបន្តថា៖ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ នៅស្រុកអង្គស្នួលយើងនេះ គឺគ្មានទេ ផ្លូវបេតុង ឬកៅស៊ូ លូ និងស្ពាន ចំណែកលំនៅឋានប្រជាជន មិនសូវមាន និងមានជីវភាពខ្សត់ខ្សោយ។ ប៉ុន្តែស្រុកអង្គស្នួល បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា មានជាអាទិ៍ ផ្លូវក្រាលកៅស៊ូ, ផ្លូវបេតុង, ស្ពាន, លូ ប្រឡាយទឹក, សាលារៀន,មន្ទីរពេទ្យ,រោងចក្រឧស្សហកម្ម, រោងចក្រកាត់ដេរសំលៀកបំពាក់, មណ្ឌលសុខភាព វត្តអារាម..។ល។ ទន្ទឹមនឹងនេះ ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១,៧៨០ ម៉ែត្រ ក្នុងឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។

ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងស្មារតី «នៃវប្បធម៌ចែករំលែក» ជូនដល់អាជ្ញាធរ ដើម្បីសាងសង់ផ្លូវបេតុងអាមេ នៅឃុំបែកចាន និងឃុំក្រាំងម្កាក់ នេះឡើង សម្រាប់ប្រជាជនទូទៅប្រើប្រាស់ជាសាធារណៈប្រកបដោយផាសុខភាព សមធម៌ និងបរិយាប័ន្ន។

ក្នុងពិធីសម្ពោធនេះ ឯកឧត្ដមអភិបាលខេត្តបានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង