ឯកឧត្តម គីម រិទ្ធី៖«ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ដែលអាចផ្តល់ឈាមប្រកបដោយចីរភាពក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ»

អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់» ដែលបានរៀបចំឡើងដោយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោកស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ រួមនិងសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្ត ក្រុង ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានកងកម្លាំងនគរបាលទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់»។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា «ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម»

ទន្ទឹមនេះ ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ទៀតថា « យុទ្ធនាការបរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖ *ទី១-បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់ មន្ទីរពេទ្យទាំងអស់ ដោយ គ្មានការរើសអើង។ *ទី២-ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម»

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានលើកឡើងអំពីអត្ថប្រយោជន៍របស់បងប្អូនដែលជាអ្នក បរិច្ចាគឈាមផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺផ្សេងៗជា ច្រើនទៀត ហើយក៏ទទួលបាននូវការសរសើរ និងមានឈ្មោះថាជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសទៅទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការឈាមបន្ទាន់។

គួរបញ្ជាក់ថា កម្មវិធី «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» ជាប្រធានបទមួយក្នុងយុទ្ធនាការបរិច្ចាគឈាមវិលជុំនៅ តាមបណ្ដា ក្រុង-ស្រុក ទូទាំងខេត្តព្រះវិហារ ដែលផ្ដួចផ្ដើមឡើងដោយឯក ឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការ ឈាមទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ចាំបាច់ជារៀងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង