ដឹងការពិតហើយ, តាមពិតសង្សារនាងច្របាច់កឲ្យស្លាប់ហើយ ទើបយកសពទៅភ្ជួរក្នុងបន្ទប់ទឹកដើម្បីបង្វែទៅជាករណីចងក

ដឹងការពិតហើយ តាមពិត ពិតជាករណីឃាតកម្មសម្លាប់សង្សាខ្លួនឯង រួចយកសពទៅភ្ជួរក្នុងបន្ទប់ទឹកដើម្បីបង្វែទៅជាករណីចងកក្នុងបន្ទប់ទឹក ក្នុងបន្ទប់ជួលដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញពិតប្រាកដមែន។ នេះបើតាមការចូលសារភាពពីកំហុសរបស់ឃាតករជាសង្សារសពជនរងគ្រោះនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះនៅចំពោះមុខមន្ត្រីនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង០៨៖៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះ ភុំ ផា អាយុ ២០ឆ្នាំ រស់នៅភូមិអូរគគីកណ្ដាល ឃុំលំលង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចូលមកសារភាពនៅកន្លែងសមត្ថកិច្ច ស្រុកក្រឡាញ់ ថាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩៖០០នាទី រូបគេបានធ្វើសកម្មភាព ច្របាច់កសង្សារ ឈ្មោះ សុិម ម៉ារ៉ាឌី រហូតដល់ស្លាប់ នៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ជនដៃដល់សារភាពបន្តថា ក្រោយធ្វើសកម្មភាពសម្លាប់រួច គេបានយកសពនាងជាសង្សាទៅចងកនៅទ្វារបន្ទប់ទឹក ហើយខ្លួនបានដេកនៅក្នុងបន្ទប់កើតហេតុចំនួន១យប់ លុះវេលាម៉ោងប្រហែល០៥ទៀបភ្លឺ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ខ្លួនបានធ្វើដំណើរមកខេត្តឧត្តរមានជ័យ ហើយស្នាក់នៅបានចំនួន១យប់ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៩៖០០នាទី ខ្លួនបានធ្វើដំណើរមកស្រុកក្រឡាញ់ ខេត្តសៀមរាប។ មូលហេតុដែលរូបគេ ដាច់ចិត្តសម្លាប់មនុស្សដែលខ្លួនស្រលាញ់ដោយសារឈ្លោះប្រកែកគ្នា។

គួររំលឹកថា កម្មការនីរោងចក្រម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ដោយចងក ហើយគ្រួសារសង្ស័យថា ជាករណីឃាតកម្ម ដែលសម្លាប់រួចយកសពទៅចងកព្យួរក្នុងបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលនារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

ជនរងគ្រោះឈ្មោះ សុិម ម៉ារ៉ាឌី អាយុ ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងមានសង្សាឈ្មោះ ភុំ ផា អាយុជាង២០ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុកំពុងរត់គេចខ្លួន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលដែលនាងស្លាប់ បុរសជាសង្សារបានគំរាមនាងរងគ្រោះថា «គ្មានស្រឡាញ់អ្នកណាក្រៅពីរូបគេទេ ពុំនោះទេ គេនឹងសម្លាប់ចោល។ បើខ្លួនយកនាងមិនបានទេ នរណាក៏យកមិនបានដែរ»។

បច្ចុប្បន្នជនដៃដល់សមត្ថកិច្ចខេត្តសៀមរាប កំពុងចំណាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង