ឯកឧត្តម ឯម ច័ន្ទមករា៖ «ការទទួលបានព័ត៌មានគ្រប់គ្រាន់គឺជាការបង្កើតនូវកាលនុវត្តថ្មីៗអាចជួយឱ្យគុណភាពជីវិតជនមានពិការភាពកាន់តែប្រសើរឡើង»

ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា «ការទទួលបានព័ត៌មានគ្រប់គ្រាន់គឺជាការបង្កើតនូវកាលនុវត្តថ្មីៗអាចជួយឱ្យគុណភាពជីវិតជនមានពិការភាពកាន់តែប្រសើរឡើង។ក្នុងន័យនេះ ការទទួលបាននូវព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ការអប់រំ និងបណ្តុះបណ្តាល សេវាសុខភាព សេវាសាធារណៈផ្សេងទៀតរួមទាំងព័ត៌មានសង្គម និងវប្បធម៌ បរិស្ថាន។ល។ គឺជាតម្រូវការសំខាន់ ដែលខ្ញុំសូមលើកទឹកចិត្តដល់ជនមានពិការភាពគ្រប់រូបខិតខំស្រាវជ្រាវរកព័ត៌មានថ្មីៗ តាមថ្នាលសារព័ត៌មាននានាដោយប្រើប្រាប់កម្មវិធីដែលមានផាសុកវត្ថុដើម្បីទទួលបានព័ត៌មានដោយជនពិការខ្លួនឯង»

ការគូសបញ្ជាក់របស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុម ប្រឹក្សាសកម្មភាពជនពិការតំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ «ការវាយតម្លៃតម្រូវការព័ត៌មាន សម្រាប់ជនមានពិការភាពនៅ កម្ពុជា» នៅសណ្ឋាគារ រ៉ាហ្វលភ្នំពេញ។

នាឱកាសនោះ ឯកឧត្តម ឯម ច័ន្ទមករា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូណេស្កូ និងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានបង្កើតការសិក្សាស្រាវជ្រាវអំពីឧបសគ្គដែលបណ្តាលឱ្យជនមានពិការភាពជួបការលំបាកក្នុងការទទួលបាន ព័ត៌មាន ដែលជាតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងជាផ្នែកមួយក្នុងការសម្រេចចិត្តសម្រាប់ជនមានពិការភាព។

ឯកឧត្តមបន្តបញ្ជាក់ថា ការសិក្សាស្រាវជ្រាវដែល មានលក្ខណៈវិទ្យាសាស្ត្រ ពិតជាបានរួមចំណែក និងជាធាតុចូលសំខាន់ក្នុងការកសាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ នានា សំដៅអភិវឌ្ឍនិងលើកកម្ពស់សិទ្ធិសម្រាប់ជនមានពិការភាព។ របាយការណ៍នេះគឺធ្វើឡើងស្របពេលជាមួយនឹងការរៀបចំតាក់ តែងនូវសេចក្តីព្រាងផែនការយុទ្ធសាស្រ្ដជាតិស្តីពីពិការភាព២០២៤-២០២៨ ដែលផែនការនេះនឹងត្រូវរៀបចំឱ្យមានសង្គតិភាពជាមួយអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់ជនពិការ ពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នៅក្នុងឱកាសនេះដែរ

ជាមួយនោះ ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវដល់អង្គភាពពាក់ព័ន្ធទាំងឡាយ រួមគ្នាគិតអំពីតម្រូវការរបស់ជនពិការភាពក្នុងការទទួលបាននូវព័ត៌មានដែលមានលក្ខណៈជាក់លាក់ដែលគិតអំពីតម្រូវទៅតាមប្រភេទពិការភាពផ្សេងៗ ដែលអាចទុកចិត្តបាន ជាមួយនឹងការបកប្រែច្បាស់លាស់ សាមញ្ញ និងទាន់ពេលវេលា។និងសូមស្នើដល់អង្គភាពពាក់ព័ន្ធបង្កើនការប្រើប្រាស់ភាសាសញ្ញា អក្សររត់ អក្សរប្រៃយ៍(អក្សរស្ទាប) អក្សរពុម្ពធំ សំឡេងឲ្យបានទូលំទូលាយដើម្បីផ្តល់ឱកាសទំនាក់ទំនង ការបញ្ចេញមតិយោបល់ និងទទួលបានព័ត៌មានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ។ ឯកឧត្តមបន្តថា ការបង្កើតកម្មវិធីថ្នាល នានានិងឧបករណ៍ជំនួយទំនាក់ទំនង ការនិយាយ ការអាន ការ ស្តាប់ និង ការមើលឲ្យបានទូលំទូលាយ ដែលជនមានពិការ ភាពគ្រប់គ្នាអាចប្រើប្រាស់បានគឺជាចំណុចដ៏សំខាន់សម្រាប់ជនមានពិការភាពទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ក្នុងន័យនេះ យើងត្រូវនាំគ្នាជំរុញការផលិតនិងការបោះពុម្ពឯកសារ ឬព័ត៌មាន ជាទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព ហើយពង្រីកស្ថានីយផ្សាយនិងតំបន់គ្របដណ្តប់នៃប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើប្រតិបត្តិការដោយជនមានពិការភាព។

ទន្ទឹមនោះ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចែករំលែកព័ត៌មាន ទិន្នន័យ និងចំណេះដឹងតាមរយៈការផ្តល់បទសំភាស ជាមួយក្រុមអ្នកស្រាវជ្រាវរហូតទទួលបានលទ្ធផល នឹងត្រូវបង្ហាញក្នុងសិក្ខាសាលានាថ្ងៃនេះ។ ការចូលរួមបច្ច័យគំនិតដ៏ថ្លៃថ្លានេះ គឺជាផ្នែកមួយនៃការបង្ហាញផ្លូវដើម្បីជនមានពិការភាពអាចទទួលបានព័ត៌មានគ្រប់ទីកន្លែង៕

អត្ថបទដែលជាប់ទាក់ទង