មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ចុះជួបសួរសុខទុក្ខកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៤នាក់នៅខេត្តកំពង់ស្ពឺ


មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះបានចុះសួរសុខទុក្ខ ទៅដល់បងប្អូនកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភនេះតាមការចង្អុលបង្ហាញពីឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីទទួលដំណឹងអំពី មន្ត្រីនៃមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កំពង់ស្ពឺ និងមន្ត្រី បេឡជាតិសន្តិសុខសង្គមសាខាខេត្តកំពង់ស្ពឺ ថាមានបងប្អូនកម្មករ កម្មការិនីចំនួន៤៤នាក់ បានជួបថ្នាក់ចរាចរណ៍ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៥:២៥នាទីព្រឹក រវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ(កម្មករសំណង់) និងបាន រ៉េចង្កូតជ្រុលទៅបុករថយន្តដឹកកម្មករ ដែលស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នៅក្នុងគ្រោះ ថ្នាក់ ចរាចរណ៍នេះមានបងប្អូនកម្មករ កម្មការិនី របួសធ្ងន់ស្រាលសរុបចំនួន៤៤នាក់ ក្នុងនោះរបួសស្រាលជំនួន៤១នាក់ និងរបួសធ្ងន់ចំនួន៣នាក់ ដោយឡែកបងប្អូនកម្មករ កម្មការិនីក៏ទទួលបានការសម្រាកព្យាបាលដោយឥតគិតថ្លៃនៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតជាសេះស្បើយផងដែរ ។

អំឡុងពេលចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីចំនួន៤៤នាក់ ឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភ នេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយ ជាពិសេសនោះការព្យាបាលរបស់បងប្អូន ទាំងអស់នៅ ពេលនេះ គឺមិនឥតថ្លៃរហូតដល់ជាសះស្បើយផងដែរ។

ឯកឧត្តមបានបន្ថែមថា ថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ បងប្អូន កម្មករគ្រប់ ទិសទី ជាពិសេសនៅពេលមានគ្រោះថ្នាក់ដោយយថាហេតុបែបនេះ។ ក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាតែងចុះមកសួរសុខទុក្ខផ្ទាល់  និងជួយសម្រាលទុក្ខលំបាករបស់បងប្អុនកម្មករ កម្មការី  ដោយមិនទុកអ្នកណា ម្នាក់ចោល ដោយមិនមានលទ្ធភាពព្យាបាលជំងឺ និងគ្រោះថ្នាក់ផ្សេងៗដែលធ្លាក់លើកម្មករនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង