ឯកឧត្តម ណុប រ័ត្ននិមល ចាត់ទុកសិស្សដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣ គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ

ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ពិសេសសិស្សជាប់និទ្ទេស A នាពេលនេះ គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន អតតីនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងារយុវជនចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធិផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាង​មូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសចំណូល។

ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងអរគុណសន្តិភាព និងបានបញ្ជាក់ថា «ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាពដូចជានៅបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា នៅតំបន់អាហ្វ្រិក ជាពិសេសក្នុងប្រទេសរបស់យើងកាលពីជាង៣០ឆ្នាំ-៤០ឆ្នាំមុន កម្ពុជាបានរងគ្រោះដោយការបំផ្លិចបំផ្លាញនូវហេដ្ឋានរចនាសម្ព័ន្ធស្ទើរគ្មានសល់ដោយសារតែសង្គ្រាម។

ឯកឧត្តមបន្តថា ដោយឡែក បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាស់វៃប្រកបដោយគតិបណ្ឌិត នៃអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា  នីតិកាលទី៧ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមថា «ក្នុងបរិបទ នៃការឆ្លងរីករាលដាលជាសាកល នៃជម្ងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំគ្រប់គ្រង ទប់ស្កាត់ ដោយបានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងការពារ មកចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ និងឈានបានបើកប្រទេសជាតិឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ»។

ឯកឧត្តម ណុប រ័ត្ននិមល ក៏បានសំណូមពរដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវបន្តខិតខំសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍជាតិ និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ត្រូវបន្តការចូលរួមថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានក្នុងពេលបច្ចុប្បន្ន ឲ្យបានគង់វងសម្រាប់កូនចៅជំនាន់ក្រោយ  ដោយបន្តទទួលផ្លែផ្កាពីកត្តាសន្តិភាព ដែលយើងរកបានយ៉ាងលំបាកនេះ។

ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្ដម ណុប រ័ត្ននិមល បាននាំអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសិស្សនិទ្ទេស A ចំនួន១៧នាក់ (ស្រី១៤នាក់) ក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងថវិកា៤០ ម៉ឺនរៀល ជូនដល់សិស្សនិទ្ទេស B ចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល និងនិទ្ទេស C ចំនួន១៩៤នាក់ ថវិកា៤០ម៉ឺនរៀល។ល។ លោកគ្រូអ្នកគ្រូ ចំនួន១០៧នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល, សុខាភិបាលស្រុក ចំនួន៥នាក់ថវិកា ៥ម៉ឺនរៀល យុវជនចំនួន១៩នាក់ថវិកា ៥ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំទាំង១៨នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងក្នុង១ឃុំភេសជ្ជះ២០កេស និងបានឧបត្ថម្ភរដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកាចំនួន២លានរៀល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង