លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ផ្អាកការងារលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ បណ្ដោះអាសន្ន ក្រោយរកឃើញបានប្រព្រឹត្តកំហុស
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចេញលិខិតបង្គាប់ការផ្អាកការងារលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ ជាបណ្ដោះអាសន្ន ក្រោយរកឃើញបានប្រព្រឹត្តកំហុសដែលមានចែងក្នុងបទបញ្ហា លេខ០០៦ បបជ។ នេះបើតាមលិខិតបង្គាប់ការដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងលិខិតបង្គាប់ការ ប្រការ១៖ ផ្អាកការងារបណ្ដោះអាសន្នលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែក សន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយមូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ហា លេខ០០៦ បបជ។
ប្រការ២៖ សាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និង រងចាំការសម្រេចជាថ្មី។
ប្រការ៣៖ លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងផែនការងារធនធានមនុស្ស លោកនាយការិយាល័យ បុគ្គលិក លោកអធិការនគរបាលស្រុកពញាឮ និងលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
គួរជម្រាបជូនថា ក្រោយពីមានការចុះផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ដោយមានខ្លឹមសារថា៖ “អះអាងថាខ្លួនជាប៉ូលីស និងជាដៃស្ដាំលោកអធិការស្រុកពញាឮ ហើយ បានទារលុយចំនួន២០០ដុល្លា ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណះជនរង គ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ”។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៨ ខែធ្នូ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងជាអ្នកនាំពាក្យដឹកនាំកម្លាំងជំនាញខេត្តចុះស្រាវជ្រាវជាបន្ទាន់ដើម្បីបញ្ជាក់ការពិតឲ្យបានច្បាស់លាស់លើករណីខាងលើនេះ។
ទាក់ទិនករណីខាងលើនេះលោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានចេញមកបដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយខាងលើនេះថាគឺមិនមែនជាការពិតនោះទេ។ ប៉ុន្តែលោកអធិការបានបញ្ជាក់ថា លោកស្រី ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុក ពញាឮ ក្នុងនាមអធិការនគរបាលស្រុកពញាឮ ក៏មិនបានប្រើបុគ្គលនេះឱ្យទារលុយពីជនរងគ្រោះនោះទេ គឺបុគ្គល នេះធ្វើដោយចិត្តឯង លាក់បាំងជាមួយអង្គភាព ដោយយកឈ្មោះអធិការនគរបាលស្រុកពញាឮ និងឈ្មោះព្រះរាជអាជ្ញាទៅប្រើ ក្នុងគោលបំណងឱ្យជនរងគ្រោះមានការជឿជាក់ទៅលើខ្លួន។
បើតាមរបាយការណ៍បំភ្លឺរបស់លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮគោរពជូនលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ចំពោះគេហទំព័រហ្វេសប៊ុកផេកឈ្មោះ Rikreay-News Cambodia បានបង្ហោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារថា “អះអាងថាខ្លួនជាប៉ូលីស និងជាដៃស្ដាំលោកអធិការស្រុកពញាឮ ហើយ បានទារលុយចំនួន២០០ដុល្លា ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណះជនរង គ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ។
លោកវរសេនីយ៍ឯក ដួង តេង បានឲ្យដឹងបន្តថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣៖២០នាទីមានករណីហិង្សាមានស្ថានទម្ងន់ទោស នៅចំនុចបឹងផ្សារដែក ភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល បណ្ដាលឱ្យរងរបួសជាទម្ងន់ ហូរឈាមយ៉ាងច្រើន បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបាននាំគ្នាជិះម៉ូតូឌុបគ្នាគេចខ្លួនបាត់ ចំណែកជនរងគ្រោះឈ្មោះ ឈៀង សយ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានមិត្តភក្តិ នាំបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកពញាឮ ដោយសភាពរបួសជនរងគ្រោះធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ បានបញ្ជូនជនរងគ្រោះ បន្តទៅ មន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីព្យាបាលរបួស។ លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះ ឈៀង សំ ភេទប្រុស ត្រូវជាបងប្រុសបង្កើតជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្សារដែក ចុះស្រាវជ្រាវករណីខាងលើភ្លាម។ ជាលទ្ធផល កម្លាំងផ្នែកជំនាញបានចុះទៅកន្លែងកើត ហេតុស្រាវជ្រាវ តាមរកជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។
លោកអធិការបន្តទៀតថា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ផ្នែកជំនាញបានធ្វើរបាយការណ៍បូកសរុបបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី។
លោកអធិការ ដួង តេង បានអះអាងថា យោងតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកផេកឈ្មោះ Rikreay-News Cambodia បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារថា “អះអាងថាខ្លួនជាប៉ូលីស និងជាដៃស្ដាំលោកអធិការស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លាពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណះជនរងគ្រោះត្រូវគេ កាប់ស្ទើរតែស្លាប់ទៅហើយ” ក្នុងនាមអធិការនគរបាលស្រុកពញាឮ សូមបដិសេធទាំងស្រុង ចំពោះការចុះផ្សាយនេះគឺ មិនមែនជាការពិត។ ហើយក៏សូមបញ្ជាក់ផងដែរថា លោកស្រី ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុក ពញាឮ ក្នុងនាមអធិការនគរបាលស្រុកពញាឮ ក៏មិនបានប្រើបុគ្គលនេះឱ្យទារលុយពីជនរងគ្រោះនោះទេ គឺបុគ្គល នេះធ្វើដោយចិត្តឯង លាក់បាំងជាមួយអង្គភាព ដោយយកឈ្មោះអធិការនគរបាលស្រុកពញាឮ និងឈ្មោះព្រះរាជ អាជ្ញាទៅប្រើ ក្នុងគោលបំណងឱ្យជនរងគ្រោះមានការជឿជាក់ទៅលើខ្លួន៕