លោកស្នងការ ជួន ណារិន្ទ អំពាវនាវឲ្យជនបង្កបើករថយន្ដបុកគេស្លាប់ នៅខណ្ឌទួលគោកមកសារភាព

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវដល់ជនសង្ស័យដែលជាអ្នកបើករថយន្ដ Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក ឬអាណាព្យាបាលសូមនាំជនបង្ក មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវអ្វីដែលខ្លួនបានប្រព្រឹត្ត។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់ក្មួយប្រុសជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឬអាណាព្យាបាលសូមនាំកូនប្រុសមកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី»។

លោកស្នងការបានសង្កត់ធ្ងន់កុំឲ្យជនបង្កព្យាយាមរត់គេចខ្លួន ព្រោះមិនអាចគេចពីសំណាញ់ច្បាប់បានមួយជីវិតនោះទេ ខណៈកម្លាំងសមត្ថកិច្ចជំនាញក៏មិនដកដៃក្នុងការអនុវត្តច្បាប់ចំពោះជនបង្កបទល្មើសនោះឡើយ។

លោកបានបញ្ជាក់ទៀតថា «កុំរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ! សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួនសមត្ថកិច្ច នឹងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ»។

សូមជម្រាបថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញដីកាបញ្ជាឲ្យអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លាប់។

តាមរយៈដីកា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ឲ្យជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បង្ហាញខ្លួននៅតុលាការឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។ ក្នុងដីកាដដែលនេះ ក៏បានកត់សម្គាល់ថា ដីកានេះអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គល ព្រហ្ម វិចិត្រសុសក្ដា ចូលបង្ហាញខ្លួនបាន។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង