សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារប្រៀបដូចជាបេះដូងគឺមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រដល់ដំណើរការសេដ្ឋកិច្ចជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ធនាគារប្រៀបដូចជាបេះដូង ពោលមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រដល់ដំណើរការសេដ្ឋកិច្ចជាតិ»។
ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងការអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានធនាគារវីង បានជួយគាំទ្រដល់ដំណើរការរាជរដ្ឋាភិបាលអេឡិចត្រូវនិករបស់កម្ពុជា លើការផ្តល់សេវានានារបស់រាជរដ្ឋាភិបាល។
ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារទាំងអស់ពិនិត្យលទ្ធភាពផ្តល់សេវាកម្មឱ្យកាន់តែទូលំទូលាយ។
ទន្ទឹមនោះ សម្តេចធិបតីក៏បានលើកទឹកចិត្តធនាគារវីង និងធនាគារ ផ្តល់ឥណទានឱ្យបានកាន់តែច្រើន ដល់សហគ្រាសធុនតូច និងមធ្យម។
គួរជម្រាបថា អគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយកម្ពស់រហូតដល់ ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា៕