ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជិត៤០០លានដុល្លារ
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជិត៤០០លានដុល្លារ ដោយសារតែកត្ដាមួយចំនួន ក្នុងនោះចំណូលពន្ធគយដែលកម្ពុជាបាត់បង់ដោយការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជាពហុភាគី និងទ្វេភាគី ។ ការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ” នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាជាតិគយ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងថា មានកត្ដាគន្លឹះមួយចំនួនដែលបានធ្វើឱ្យផ្លាស់ប្ដូររចនាសម្ព័ន្ធចំណូលសារពើពន្ធរបស់រដ្ឋ ទាក់ទងនឹងការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(RCEP) ដែលកម្ពុជាជាភាគី កាន់តែទូលាយទៅ និងកាន់តែស៊ីជម្រៅកាន់តែជ្រៅ មានន័យថា អត្រាពន្ធគយអនុគ្រោះ ដែលយើងត្រូវផ្ដល់ជូនដល់ភាគីប្រទេសដែលព្រមព្រៀងពាណិជ្ជកម្មសេរីដែលគេនាំទំនិញចូលមកកម្ពុជាកាន់តែធ្លាក់ចុះ និងក្នុងអត្រាសូន្យ ពន្ធគយនាំចូលសូន្យ។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ក្នុងស្ថានភាពឆ្នាំ២០២៣នេះ ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគឺសម្រេចមិនបានគ្រប់ផែនការនោះទេ តាមការប៉ាន់ស្មានជាបឋម និងការវាយតម្លៃ អាចបានក្នុងរង្វង់៨៣% នៃផែនការដែលបានកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិតបានអះអាងថា ការប្រមូលចំណូលមិនបានគ្រប់ផែនការនេះ គឺមានកត្ដាជាច្រើនដែលចំណូលប្រមូលដោយគយមានការថមថយ និងធ្លាក់ចុះ ហើយបើនិយាយពីរចនាសម្ព័នចំណូលសារពើពន្ធ កម្ពុជាស្ថិតក្នុងស្ថានភាពផ្លូវត្រឡែនកែន ដែលមានការប្រែប្រួលចំណូលរបស់រដ្ឋ។
ឯកឧត្តមបណ្ឌិតលើកឡើងថា កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបានច្រើន អាចចាត់ទុកថា ជាអង្គភាពមួយប្រមូលចំណូលសារពើពន្ធបានច្រើនជាងគេ ក្នុងចំណោមអង្គភាពដែលមានភារកិច្ចក្នុងការប្រមូលចំណូលពន្ធនេះ។ ប៉ុន្ដែចាប់ពីឆ្នាំ២០២០មក ការប្រមូលពន្ធបានធ្លាក់ចុះ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ឆ្នាំ២០២១ ក៏នៅបន្ដជំងឺកូវីដ១៩ ខណៈឆ្នាំ២០២២ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានលើសផែនការបន្ដិច ហើយក្នុងឆ្នាំ២០២៣នេះ ការប្រមូលពន្ធបានប្រមាណរង្វង់ ៨៣%។ «អីចឹងហើយបានជាធ្វើឱ្យយើងបាត់ចំណូលពន្ធគយមួយផែ្នក។ នេះបើយើងមើលតែមួយជ្រុង ឬមួយផែ្នក ប៉ុន្ដែត្រូវគិតថា ទំនិញមួយចំនួនរបស់យើងក៏វាយលុកចូលទីផ្សាររបស់គេដែរ។ ការធ្វើពាណិជ្ជកម្មសេរី ឬការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលទ្ធផលនៃកិច្ចចរចា និងការផ្ដល់សម្បទានពន្ធគយទៅវិញទៅមកជាលក្ខណៈបដិការ។ អីចឹងហើយ គេឱ្យពន្ធគយទាបពេលទំនិញយើងទៅគេ យើងឱ្យពន្ធគយទាប ឬសូន្យពេលទំនិញគេមកយើង។ ក្នុងឆ្នាំ២០២៣នេះ ចំណូលពន្ធគយដែលយើងបានផ្ដល់ជាការអនុគ្រោះដល់ទំនិញដែលមកពីភាគី ឬដៃគូពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបាត់ប្រមាណជិត៤០០លានដុល្លារ»។ នេះគឺជាការអះអាងបន្ថែមរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម បានរំលេចនូវកត្ដាមួយចំនួនទៀតដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្ដសាលរបស់ប្រទេសយើងទៅមុខកាន់តែច្រើន ហើយក៏កំពុងពង្រីកខឿនពាណិជ្ជកម្ម ខឿនឧស្សាហកម្ម ខឿនកម្មន្ដសាលរបស់យើង។
ឯកឧត្តមបណ្ឌិតបានរម្លឹកផងដែរថា ជាលទ្ធផលកាលពី១០ឆ្នាំ ឬ១៥ឆ្នាំមុន កម្ពុជានាំចូលច្រើន ហើយការទទួលបានចំណូលក៏ច្រើនផងដែរ។ ប៉ុន្ដែ ឥឡូវនេះ ផលិតកម្មក្នុងស្រុកកាន់តែច្រើន ខឿនកម្មន្ដសាលនិងឧស្សាហកម្មរបស់យើងកាន់តែច្រើន ហើយអ្វីដែលយើងមើលឃើញមានលក្ខណៈស្រដៀងគ្នានោះ គឺក្នុងដំណាក់កាលដែលកម្ពុជាផលិតជំនួសការនាំចូល ដូចជាស្ថានភាពរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន រួមមានកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ម៉ាឡេស៊ី ជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានលើកជាឧទាហរណ៍ជាក់ស្ដែងថា កាលពីមុនកម្ពុជានាំចូលស្រាបៀរ និងស៊ីម៉ងត៍ច្រើន សម្រាប់តម្រូវការក្នុងស្រុក តែបច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស្រាបៀរ មានរោងចក្រផលិតស៊ីម៉ងត៍ដោយខ្លួនឯង ដើម្បីកាត់បន្ថយការនាំចូល ហើយកាត់បន្ថយចំណូលផងដែរពីការនាំចូលស្រាបៀរ និងតម្រូវការនាំចូលស៊ីម៉ង់ត៍មកក្នុងប្រទេស។ ឯកឧត្ដមបណ្ឌិតបានបន្ដឱ្យដឹងទៀតថា ការនាំចូលថយចុះ នេះគឺជាការវិវត្ដរបស់ប្រទេសជាតិ ក្នុងដំណាក់កាលនៃការផលិតក្នុងស្រុកជំនួសការនាំចូល ដោយសារតែការផលិតក្នុងស្រុក ទិញ លក់នៅក្នុងស្រុក។ ដូច្នេះ គយអត់មានអ្វីត្រូវប្រមូលពន្ធនោះទេ ហើយគយត្រូវប្រមូលចំណូល សម្រាប់ការនាំចូល ខណៈការនាំចូលថយ ការប្រមូលចំណូលក៏ថយដែរ។
ចំណុចមួយទៀត គឺការដំឡើងយានយន្ដនៅក្នុងស្រុក ដូចជាក្រុមហ៊ុន ហ្វ៊ត ដំឡើងរោងចក្រនៅខេត្ដពោធិ៍សាត់ ក្រុមហ៊ុនតូយ៉ូតា ដំឡើងរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយរាជរដ្ឋាភិបាលលើកទឹកចិត្ដដល់ក្រុមហ៊ុនក្នុងការនាំចូលនូវបំណែក ឬគ្រឿងបង្គុំ ដើម្បីដំឡើងរថយន្ដនៅក្នុងស្រុក។ ដូច្នេះ ការប្រមូលចំណូលពីការនាំចូលរថយន្ដមកក្នុងប្រទេស គឺមានការធ្លាក់ចុះខ្លាំង ដែលនេះគឺជានិន្នាការនៃការអភិវឌ្ឍផលិតកម្មនៅក្នុងស្រុក ដើម្បីលើកទឹកចិត្ដឱ្យក្រុមហ៊ុនមកវិនិយោគ ការដំឡើងរោងចក្រនៅក្នុងស្រុក ដើម្បីផ្ដល់កម្លាំងពលកម្ម បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្ថែមថា បញ្ហានេះ យើងត្រូវក្រឡេកមើលផងដែរថា បើទោះបីការប្រមូលពន្ធគយថយចុះ តែសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង ដោយសារតែយើងមានខ្សែសង្វាក់ផលិតកម្មក្នុងស្រុក ហើយកាត់បន្ថយការនាំចូល តែផ្គង់ផ្គង់លើទីផ្សារនៅកម្ពុជាខ្លួនឯង។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «យើងសង្កេតឃើញថា និន្នាការនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្មរបស់កម្ពុជាគឺដំណើរការតាមទម្រង់ដូចបណ្ដាប្រទេសមួយចំនួនដែរ បើសិនបើការប្រមូលពន្ធអាកររបស់គយថយចុះ តែវាក៏ជាឱកាសសម្រាប់ពន្ធដារ ក្នុងការយកពន្ធអាករពិសេស ឬពន្ធលើប្រាក់ចំណេញ និងពន្ធច្រើនមុខផ្សេងទៀតពីក្រុមហ៊ុន ឬរោងចក្រដែលផលិតនៅក្នុងស្រុក ហើយចំណូលចូលរដ្ឋតែមួយទេ។ ចំណុចនេះ វាមានបញ្ហាប្រឈមសម្រាប់គយ ប៉ុន្ដែវាជាឱកាសសម្រាប់ពន្ធដារ ហើយចុងក្រោយបំផុតចំណូលចូលថវិការបស់រដ្ឋកើនឡើង»៕