រដ្ឋមន្ត្រី ហ៊ុន ម៉ានី ជឿជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រាកដជាមានការតាំងចិត្តខ្ពស់ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា « ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ»។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់ទំនុកចិត្ត ចំពោះរូបខ្ញុំ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមកម្លាំងគ្នាជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីបណ្តាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមតម្រង់ទិស គាំទ្រ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងកម្មវិធីអនុវត្តនយោបាយនិងដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្ត កម្មវិធីនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់សេវាសាធារណៈ និងដោះស្រាយឆ្លើយតបទៅនឹងសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព»។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ផ្អែកតាមតួនាទី ភារកិច្ច និងរបៀបរបបការងារ ដែលបាលកំណត់នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងដោយបានការចាត់តាំងពីរាជរដ្ឋាភិបាល ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ខ្ញុំមានការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងត្រួតពិនិត្យរាល់សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីចំពោះការដឹកនាំលើការងារនេះ។ ដូច្នេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលត្រូវបានចាត់តាំងតាមបណ្តាក្រុង ស្រុក ទាំង៩ និងឃុំ សង្កាត់ ក៏នឹងត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារតាមមូលដ្ឋានរៀងៗខ្លួន ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា ចេញពីស្មារតី និងសេចក្តីណែនាំដែលមានក្នុងកិច្ចប្រជុំនាថ្ងៃនេះ ខ្ញុំជឿជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រាកដជាមានការតាំងចិត្តខ្ពស់ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនប្រទេសជាតិ និងប្រជាជន»៕